(ហ្សេរុយសាឡឹម)៖ ការសិក្សាស្រាវជ្រាវថ្មីមួយនៅប្រទេសអ៊ីស្រាអែល បានបង្ហាញឲ្យដឹងថា ស្ត្រីមានផ្ទៃពោះដែលបានចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (SARS-CoV-2 ឬ COVID-19) អាចការពារទារករបស់ពួកគេ ពីការឆ្លងវីរុសនេះបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។
បើតាមការសិក្សាស្រាវជ្រាវ ដែលត្រូវបានធ្វើឡើងកាលពីខែកុម្ភៈ អង្គបដិប្រាណ (antibody) ត្រូវបានគេរកឃើញនៅក្នុងខ្លួនស្ត្រី ២០នាក់ដែលបានចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech) ទាំង ០២ដូស ក្នុងកំឡុងពេលត្រីមាសទី ៣ នៃការមានផ្ទៃពោះរបស់ពួកគេ និងត្រូវបានគេរកឃើញនៅក្នុងខ្លួនទារក ដែលទើបនឹងកើតរបស់ពួកគេផងដែរ។ ក្រុមអ្នកស្រាវជ្រាវបានអះអាងថា វាអាចបញ្ជូនទៅកាន់ទារក តាមរយៈសុករបស់ម្ដាយ។
ការសិក្សាស្រាវជ្រាវបានបង្ហាញទៀតថា ការរកឃើញខាងលើនេះគឺបញ្ជាក់ថា ការចាក់វ៉ាក់សាំងលើស្ត្រីមានផ្ទៃពោះ អាចផ្តល់ការការពារទាំងម្ដាយ និងទារកពីការឆ្លងវីរុសដែលបង្កជាជំងឺ COVID-19 បាន។
គួរបញ្ជាក់ថា ការរកឃើញរបស់ក្រុមអ្នកសិក្សាស្រាវជ្រាវ មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ហាដាស្សាហ៍ (Hadassah) នៅក្នុងទីក្រុង ហ្សេរុយសាឡឹម (Jerusalem) នៃប្រទេសអ៊ីស្រាអែល ត្រូវបានចុះផ្សាយនៅខែមីនានេះ នៅលើគេហទំព័រ ម៉េដអ័រស៊ីវ (medRxiv) ដែលជាសេវាកម្មផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធើណិត សម្រាប់អត្ថបទស្រាវជ្រាវ ដែលមិនបានបោះពុម្ពផ្សាយ និងត្រូវបានរាយការណ៍ ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល នៅថ្ងៃអង្គារសប្ដាហ៍នេះ៕