(ប៉ារីស)៖ ក្រសួងសុខាភិបាលបារាំងនៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសពីការរកឃើញ ករណីឆ្លងនៃវីរុសកូរ៉ូណា COVID-19 បំប្លែងខ្លួនថ្មីមួយប្រភេទទៀតនៅក្នុងតំបន់ ប្រ៊ីតតានី (Brittany) ដោយវាអាចគេចផុតពីស្ដង់ដារតេស្ដ PCR ដែលត្រូវបានគេប្រើប្រាស់ ដើម្បីកំណត់ពីវត្តមាននៃវីរុស។ នេះបើតាមដកស្រង់ផ្សាយ ចេញពីសារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។
វីរុសកូរ៉ូណា COVID-19 បំប្លែងខ្លួនថ្មីខាងលើ ត្រូវបានរកឃើញជាចង្កោមតែម្តងចំនួន ០៨ករណី នៅឯមន្ទីរពេទ្យមួយកន្លែងស្ថិតនៅក្នុងទីក្រុង ឡាននីញ៉ុង (Lannion)។ ក្រសួងសុខាភិបាលបារាំងកំពុងបើកការស៊ើបអង្កេត អំពីករណីវីរុសបំប្លែងខ្លួនថ្មីខាងលើនេះ ខណៈទិន្និន័យវិភាគបឋមមិនបានបង្ហាញសញ្ញាណាមួយថា វាមានភាពកាចសាហាវ ឬឆ្លងលឿនរហ័សជាងវីរុសដទៃនោះទេ។ ប៉ុន្តែអ្វីដែលព្រួយបារម្ភគឺវីរុសបំប្លែងខ្លួនថ្មីនេះអាចគេចផុតស្ដង់ដារតេស្ដ PCR ដែលត្រូវបានគេប្រើប្រាស់ ដើម្បីកំណត់ពីវត្តមាននៃវីរុស។
គួរបញ្ជាក់ថា វីរុសកូរ៉ូណា COVID-19 បំប្លែងខ្លួនថ្មីជាច្រើនប្រភេទ ត្រូវបានរកឃើញដោយប្រទេសមួយចំនួនរួចទៅហើយ។ ប៉ុន្តែបច្ចុប្បន្នវីរុសបំប្លែងខ្លួនថ្មីចំនួន ០៣ប្រភេទ ដែលត្រូវបានអ្នកជំនាញព្រមានថា មានភាពកាចសាហាវនោះគឺ វីរុសបំប្លែងខ្លួនថ្មីដែលមានប្រភពដើមនៅ ចក្រភពអង់គ្លេស, ប្រេស៊ីល និងអាហ្វិ្រកខាងត្បូង៕