(សៅប៉ូឡូ)៖ ប្រធានាធិបតីប្រេស៊ីល លោក ហ្សែរ បូលសូណារ៉ូ (Jair Bolsonaro) នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសតែងតាំង រដ្ឋមន្រ្តីសុខាភិបាលជាលើកទី ៤ របស់លោក ខណៈជំងឺ COVID-19 កំពុងឆ្លងរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ និងបន្ទាប់ពីមានកំហុសឆ្គងជាច្រើនត្រូវបានទម្លាយចេញ ដោយអ្នកជំនាញផ្នែកសុខភាពសាធារណៈ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១។

លោក ម៉េសេឡូ កឺរ៉ូហ្គា (Marcelo Queiroga) ប្រធានសមាគមអ្នកឯកទេសខាងជំងឺបេះដូង នៃប្រទេសប្រេស៊ីល នឹងចូលកាន់តំណែងជំនួសលោក អេឌូអាឌូ ប៉ាស្វែលឡូ (Eduardo Pazuello) ជាឧត្តមសេនីយយោធាសកម្ម ដែលបានចូលកាន់តំណែងជារដ្ឋមន្រ្តីសុខាភិបាល កាលពីខែឧសភា ឆ្នាំ២០២០ ទោះបីជាគ្មានបទពិសោធន៍ផ្នែកសុខាភិបាលក៏ដោយ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ លោក Pazuello បានគូសបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា លោកប្រធានាធិបតី Bolsonaro មានបំណងជ្រើសតាំងរដ្ឋមន្រ្តីសុខាភិបាលថ្មីជំនួសលោក។ បេក្ខជនដំបូង ដែលត្រូវបានជ្រើសតាំងក្នុងមុខតំណែងនេះ គឺអ្នកឯកទេសខាងជំងឺបេះដូងម្នាក់ ប៉ុន្តែមិនមែនលោក Marcelo Queiroga នោះឡើយ។

ការលើកឡើងរបស់អតីតរដ្ឋមន្ត្រីសុខាភិបាលលោក Pazuello ត្រូវបានបដិសេធ ហើយបន្ទាប់មក Queiroga ក៏ត្រូវបានប្រធានាធិបតីប្រេស៊ីលប្រកាសតែងតាំងជា រដ្ឋមន្ត្រីសុខាភិបាលថ្មីតែម្តង។ គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ប្រេស៊ីលមានករណីឆ្លង COVID-19 សរុប ១១.៥លានករណី ក្នុងនោះស្លាប់ជិត ២៨ម៉ឺននាក់ និងជាសះស្បើយវិញជាង ១០លាននាក់៕