Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: ទីបំផុតនាយករដ្ឋមន្ត្រីថៃ «ទទួលការចាក់វ៉ាក់សាំង AstraZeneca ដូសទី១» ដោយគ្មានការពន្យារពេលទៀត! ​​​​(Video inside)

16-03-2021 11:29

(បាងកក)៖ នៅទីបំផុតនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca សម្រាប់ដូសទី ១ រួចហើយនៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១នេះ ដោយគ្មានការពន្យារពេលទៀតនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

លោក ប្រាយុទ្ធ ចាន់អូចា ក៏បានក្លាយជាមនុស្សដំបូងផងដែរ នៅក្នុងប្រទេសថៃ ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន AstraZeneca បើទោះបីជាប្រទេសអឺរ៉ុបមួយចំនួន បានផ្អាកការចាក់វ៉ាក់សាំងរបស់អង់គ្លេសមួយនេះ ដោយសារតែការព្រួយបារម្ភ លើបញ្ហាសុខភាពមួយចំនួនក្តី។ បន្ថែមពីនេះ មន្ត្រីកំពូលៗនៃជួរគណៈរដ្ឋមន្ត្រីលោក ប្រាយុទ្ធ ក៏បានទទួលការចាក់វ៉ាក់សាំងនេះ សម្រាប់ដូសដំបូងរួចរាល់ព្រមៗគ្នាផងដែរ នៅព្រឹកថ្ងៃអង្គារនេះ។

លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងចេញពីវិមានរដ្ឋាភិបាលថៃ ក្នុងទីក្រុងបាងកកយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំកំពុងតែជំរុញការជឿទុកចិត្ត សម្រាប់សាធារណជនទាំងអស់់»។ លោក ប្រាយុទ្ធ ដែលមានអាយុជិតឈានចូល ៦៧ឆ្នាំក្នុងពេលឆាប់ៗនេះបាននិយាយទៀតថា លោកមានអារម្មណ៍ប្រសើរធម្មតា នៅក្រោយការចាក់វ៉ាក់សាំងរួច។

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា និងមន្ត្រីសំខាន់ៗរបស់លោក បានផ្អាកការចាក់វ៉ាក់សាំង AstraZeneca កាលពីចុងសប្តាហ៍មុននេះ បន្ទាប់ពីប្រទេសអឺរ៉ុបមួយចំនួនបានប្រកាសផ្អាក ដោយសារតែពួកគេបានរកឃើញ បញ្ហាកំណកឈាមក្នុងសសៃឈាម (Blood Clot)។ ទោះជាយ៉ាងណា ក្រោយទទួលបានការបញ្ជាក់សុវត្ថិភាពពី អង្គការសុខពិភពលោក (WHO) និងប្រទេសធំៗផ្សេងទៀតដូចជា អូស្ត្រាលី ឥណ្ឌា និងសហរដ្ឋអាមេរិកជាដើម រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានប្រកាស កាលពីថ្ងៃចន្ទម្សិលមិញនេះថា យុទ្ធនាការចាកវ៉ាក់សាំង AstraZeneca ដោយប្រទេសថៃ នឹងត្រូវដំណើរការឡើងវិញ៕