(ប៉េកាំង)៖ មនុស្សយើងគ្រប់រូបនៅលើភពផែនដីនេះសុទ្ធសឹងតែជាអ្នកប្រើប្រាស់។ តាំងពីពេលចាប់កំណើតរហូតដល់ថ្ងៃទទួលមរណភាព មិនថាជាថ្នាក់ដឹកនាំប្រទេស មន្ត្រី គហបតី ឬរាស្ត្រសាមញ្ញនោះទេ អាចនិយាយបានថាពេញមួយជីវិតរបស់មនុស្សយើង គឺមិនអាចឃ្លាតឆ្ងាយពីការប្រើប្រាស់បានឡើយ។ អាស្រ័យហេតុនេះ បានជាតម្រូវឱ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗ ដាក់ចេញនូវច្បាប់ការពារសិទ្ធិអ្នកប្រើប្រាស់ ដើម្បីឱ្យអ្នកប្រើប្រាស់គ្រប់រូប អាចគាំពារសិទ្ធិរបស់ខ្លួនក្នុងកាលៈទេសៈ ដែលត្រូវរងគ្រោះដោយសារ «អន្ទាក់» របស់ជនខិលខូច ។
យ៉ាងណាមិញ ទោះបីជាមានច្បាប់ការពារនិងមានការប្រុងប្រយ័ត្ន ពីសំណាក់យើងជាអ្នកប្រើប្រាស់យ៉ាងណាក្តី ក៏រមែងតែងមានជនឱកាសនិយម ដែលធ្វើសកម្មភាពក្រៅច្បាប់ដោយការផលិត និងជួញដូរផលិតផលក្លែងក្លាយ ឬខូចគុណភាព ឬការផ្តល់សេវាកម្មបែប «រាយអន្ទាក់» រហូតដល់ការបង្ខិតបង្ខំអថិតិជន ឱ្យទទួលយកសេវាកម្មរបស់ខ្លួនទៀតផង ដើម្បីទាញយកផលចំណេញពីអ្នកប្រើប្រាស់។
ជានិច្ចកាលឈ្មួញទុច្ចរិតខិលខូចតែងតែរាយអន្ទាក់នៅទីងងឹត ដែលនាំឱ្យអ្នកប្រើប្រាស់ជាប់ផុងដោយមិនដឹងខ្លួន។ ចំណែកអ្នកប្រើប្រាស់មួយចំនួន ក្រោយពេលដឹងថាខ្លួនទិញបានផលិតផលក្លែងក្លាយ ឬខូចគុណភាពឬដឹងថាធ្លាក់ចូល «អន្ទាក់ឥតស្រមោល» របស់អាជីវករទុច្ចរិតក្តីប៉ុន្តែដោយសារមិនចង់ «សន្សំរឿងច្រើន» ក៏គិតថាខ្លួនស៊យទៅចុះ ដោយមិនគិតពិចារណាពីការគាំពារសិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់នោះឡើយ។
ជាការពិតណាស់ ក្នុងនាមជាអ្នកប្រើប្រាស់ យើងមិនត្រូវអត់ឱនឱ្យឈ្មួញទុច្ចរិតទេ ព្រោះការអត់ឱនឬធ្វើហីវាដូចជាការបណ្តែតបណ្តោយ ឱ្យជនខិលខូចបន្តសកម្មភាពស្មោគគ្រោករបស់ខ្លួនតទៅទៀត។ ជាពិសេសគឺចំណីអាហារនិងឱសថ ដែលពាក់ព័ន្ធផ្ទាល់ជាមួយសុខភាពរបស់យើង ប្រសិនជាចំណីអាហារខូចគុណភាព គ្មានសុវត្ថិភាពនិងឱសថក្លែងក្លាយ ឬខូចគុណភាពមានវត្តមាន កាន់តែច្រើនឡើងៗក្នុងទីផ្សារ នោះគឺជារឿងដែលគួរឱ្យរន្ធត់បំផុត ដែលយើងមិនហ៊ាននឹកគិតពី ផលវិបាកចុងក្រោយថា វានឹងទៅជាយ៉ាងណានោះឡើយ។
អាស្រ័យហេតុនេះ យើងត្រូវប្រើសិទ្ធិអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចមានចំណាត់ការតាមនីតិវិធី។
ក្នុងនាមជាប្រទេសមួយ ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលើពិភពលោក ឬអាចនិយាយបានថា មានចំនួនអ្នកប្រើប្រាស់ច្រើនជាងគេ ប្រទេសចិនបានផ្តោតសំខាន់យ៉ាងខ្លាំងក្នុងការការពារសិទ្ធិអ្នកប្រើប្រាស់ ជាមួយនឹងការដាក់ចេញច្បាប់ពាក់ព័ន្ធ ក៏ដូចជាបង្កើតសមគមអ្នកប្រើប្រាស់ទូទាំងប្រទេស និងតាមគ្រប់ខេត្តក្រុង ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ ឱ្យបានទាន់ពេលវេលា។
លើសពីនេះទៅទៀត ចាប់ពីឆ្នាំ១៩៩១មក នៅថ្ងៃទី១៥ ខែមីនា ជារៀងរាល់ឆ្នាំ ដែលជាទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោក (World Consumer Rights Day) អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ច ដើម្បីផលិតកម្មវិធីពិសេសក្នុងន័យផ្តួចផ្តើម ឱ្យអ្នកប្រើប្រាស់អាចគាំពារសិទ្ធិស្របច្បាប់របស់ខ្លួន ក្រោមឆត្រអភិបាលកិច្ចតាមផ្លូវច្បាប់ ចំណែកអ្នកប្រកបអាជីវកម្ម អាចប្រកួតប្រជែងដោយស្មោះត្រង់និងយុត្តិធម៌ ឯអ្នកអនុវត្តច្បាប់អាចដាក់ទោសទណ្ឌលើ ជនល្មើសតាមផ្លូវច្បាប់ ដើម្បីគាំពាររបៀបរៀបរយទីផ្សារ។
អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចុះទៅយកព័ត៌មានជាសម្ងាត់នៅតាមភោជនីយដ្ឋាន សហគ្រាស រោងចក្រ ហាងទំនិញ កម្មន្តសាលស្រែចម្ការ។ល។ ប្រសិនជាបានរកឃើញផលិតកម្មខុសស្តង់ដារ ផលិតផលក្លែងក្លាយឬខូចគុណភាព ចំណីអាហារខូចគុណភាពឬគ្មានអនាម័យ បន្លែផ្លែឈើផ្ទុកសារធាតុគីមីលើសចំណុះជាដើម នឹងទាក់ទងផ្ទាល់ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់ ហើយនឹងយកទៅចាក់ផ្សាយ ក្នុងកម្មវិធីពិសេសនារាត្រីថ្ងៃទី១៥ ខែមីនា ជារៀងរាល់ឆ្នាំ ដើម្បីលាតត្រដាងជូនមហាជនឱ្យបានជ្រាប ក្នុងន័យដាស់ស្មារតីប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះ ផលិតផលក្លែងក្លាយឬខូចគុណភាព ពិសេសគឺចំណីអាហារនិងឱសថ ត្រូវទៅជាវនៅតាមហាងឬឱសថដ្ឋានដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ។ ពិសេសគឺពេលដឹងថាចាញ់បោកឈ្មួញទុច្ចរិត ត្រូវចេះគាំពារសិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់។
ក្នុងន័យខាងលើនេះ ពាណិជ្ជករទាំងឡាយត្រូវធ្វើការប្រកួតប្រជែងដោយយុត្តិធម៌ ដែលស្របតាមសតិសម្បជញ្ញៈនិងផ្លូវច្បាប់ ។ សហគ្រាសឬរោងចក្រត្រូវផលិតផលិតផលមានបទដ្ឋានត្រឹមត្រូវ និងចែកចាយដោយសុចរិតស្មោះត្រង់ ភោជនីយដ្ឋាន ត្រូវលក់ដូរចំណីអាហារមានស្តង់ដាអនាម័យនិងគុណភាពល្អ ហាងទំនិញត្រូវលក់ដូរផលិតផលមានគុណភាពនិងស្របច្បាប់ កសិដ្ឋានត្រូវផ្គត់ផ្គង់កសិផល ដែលមិនខូចគុណភាពនិងមានស្តង់ដាត្រឹមត្រូវ ពិសេសអាជីវករមិនអាចលក់ដូរ ឬផ្តល់សេវាកម្មបែបបង្ខិតបង្ខំជាដាច់ខាត។
និយាយសរុបទៅ ក្នុងនាមជាភាគីផ្គត់ផ្គង់ឬផ្តល់សេវាកម្មគឺត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវ ការតម្កល់ទុកសុវត្ថិភាព សុខភាព និងការគោរពសិទ្ធិរបស់អ្នកប្រើប្រាស់ជាចម្បង។ ចំណែកអ្នកប្រើប្រាស់វិញក៏គួរចេះរួមគ្នាការពារសិទ្ធិរបស់ខ្លួនទៅតាមផ្លូវច្បាប់ ដើម្បីធ្វើឱ្យទីផ្សារប្រកួតប្រជែងកាន់តែមានសណ្ឋាប់ធ្នាប់និងយុត្តិធម៌ ផលិតផលប្រើប្រាស់កាន់តែមានគុណភាពល្អ ចំណីអាហារកាន់តែមានសុវត្ថិភាព ជាពិសេសគឺសិទ្ធិរបស់អ្នកប្រើប្រាស់ត្រូវទទួលបានការពារយ៉ាងប្រាកដប្រជា៕
( អត្ថបទដោយ៖ បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន តាំង ស៊ីឡេង )