(រ៉ង់ហ្គូន)៖ អង្គការសង្គមស៊ីវិលមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានឱ្យដឹងថា មនុស្សយ៉ាងហោច ២០នាក់បានស្លាប់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅក្នុងការបង្រ្កាបលើក្រុមបាតុករ ពីសំណាក់កងកម្លាំងសន្តិសុខ នៃរដ្ឋាភិបាលយោធា ខណៈសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវ ឱ្យមានការអត់ធ្មត់ខ្ពស់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១។
កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក, គ្រាប់កាំភ្លើងជ័រ និងគ្រាប់កាំភ្លើងពិត បាញ់ទៅលើក្រុមបាតុករស្ទើរតែជារៀងរាល់ថ្ងៃ ខណៈចលនាតវ៉ានៅតែមានសន្ទុះខ្លាំងដដែល។ សមាគមផ្តល់ជំនួយសម្រាប់ អ្នកទោសនយោបាយមីយ៉ាន់ម៉ាបានអះអាងថា មនុស្សយ៉ាងហោច ២០នាក់បានស្លាប់ នៅក្នុងអំពើហិង្សាកាលពីថ្ងៃចន្ទ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនលើស ១៨០នាក់ហើយ ចាប់តាំងពីមានព្រឹត្តិការណ៍ដែលអន្តរជាតិចាត់ទុកថា ជារដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈមក។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដដែលនោះដែរ អង្គការសហប្រជាជាតិ, សហរដ្ឋអាមេរិក ចក្រភពអង់គ្លេសរួមទាំងប្រទេសចិនផងដែរ បានអំពាវនាវឱ្យគ្រប់ភាគីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បង្កើនការអត់ធ្មត់ឲ្យដល់កម្រិតខ្ពស់ និងនាំគ្នាថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សា។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិកផ្ទាល់នៅតែបន្តអំពាវនាវ ឱ្យបណ្ដាប្រទេសទាំងអស់ចាត់វិធានការសកម្មភាព យ៉ាងរឹងមាំប្រឆាំងរដ្ឋប្រហារ និងអំពើហិង្សា ដែលបាននិងកំពុងរីកកាន់តែធំឡើង ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕