(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បានអំពាវនាវឱ្យបណ្ដាប្រទេសទាំងអស់កុំបញ្ឈប់ ឬផ្អាកយុទ្ធនាការចាក់វ៉ាក់សាំង បន្ទាប់ពីប្រទេសអឺរ៉ុបជាច្រើន និងប្រទេសមួយក្នុងតំបន់អាស៊ី បានសម្រេចចិត្តផ្អាកការប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca ដោយសារតែបារម្ភពីបញ្ហាសុវត្ថិភាព។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១។
ប្រទេសថៃកាលពីថ្ងៃចន្ទម្សិលមិញបានប្រកាសថា នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ឡើងវិញនៅថ្ងៃអង្គារនេះ ប៉ុន្តែឥណ្ឌូណេស៊ីវិញបានអះអាងថា ខ្លួននឹងបន្តរង់ចាំមើលលទ្ធផលនៃការស៊ើបអង្កេតសិន បន្ទាប់ពីហូឡង់ និងអ៊ែរឡង់ប្រកាសផ្អាកចាក់វ៉ាក់សាំងក្រុមហ៊ុនមួយនេះ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យអង្គការ WHO លោក គ្រីស្ទាន លីនដ៍ម៉ៃយឺ (Christian Lindmeier) បានអំពាវនាវឱ្យបណ្ដាប្រទេសទាំងអស់ «កុំបញ្ឈប់ ឬផ្អាកយុទ្ធនាការចាក់វ៉ាក់សាំង» នៅក្នុងដំណាក់កាលដ៏សំខាន់នាពេលបច្ចុប្បន្ន។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា «មកទល់នឹងថ្ងៃនេះ មិនមានភស្ដុតាងណាមួយបញ្ជាក់ថា ឧប្បដិហេតុដែលបានកើតឡើង គឺត្រូវបានបង្កឡើង ឬមានជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំងនោះទេ... ហើយវាគឺជាពេលវេលាដ៏សំខាន់ ក្នុងការបន្តយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីការពារជីវិតមនុស្ស និងកម្ចាត់ជំងឺដ៏សាហាវមួយនេះ»។
គួរបញ្ជាក់ថា ការអំពាវនាវរបស់ WHO កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកាលពីថ្ងៃចន្ទសប្ដាហ៍នេះ អាល្លឺម៉ង់ អ៉ីតាលី អេស្ប៉ាញ និងបារាំងបានប្រកាសផ្អាក ការប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca ក្រោយមានសេចក្ដីរាយការណ៍ពី បញ្ហាកំណកឈាមក្នុងសសៃឈាម (Blood Clot) ត្រូវបានរកឃើញនៅក្នុងចំណោមមនុស្សមួយចំនួន ដែលបានចាក់វ៉ាក់សាំងក្រុមហ៊ុននេះ នៅក្នុងប្រទេសន័រវែស និងដាណឺម៉ាកប៉ុណ្ណោះ៕