(ស៉ីដនី)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងរតនាគារអូស្ត្រាលីលោក ចូស ហ្វ្រាយដិនប៊ឺក (Josh Frydenberg) នៅថ្ងៃអង្គារនេះបានបញ្ជាក់ជាថ្មីថា ប្រទេសអូស្ត្រាលីគ្មានផែនការបញ្ឈប់ ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុមផលិតឱសថអង់គ្លេស AstraZeneca ឡើយ ខណៈបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួន បានផ្អាកការចាក់វ៉ាក់សាំងនេះ បន្ទាប់ពីមានរបាយការណ៍ អំពីផលប៉ះពាល់សុខភាព។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១។

លោក Frydenberg បានគូសបញ្ជាក់ប្រាប់ទូរទូស្សន៍ Sky News ថា «និយតករឱសថអ៊ឺរ៉ុប និងអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ហើយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca គឺមានប្រសិទ្ធភាព និងមានសុវត្ថិភាពក្នុងការប្រើប្រាស់។ ដូច្នេះយើងនឹងបន្តអនុវត្តការចាក់វ៉ាក់សាំងនេះ»

ប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី អេស៉្បាញ ព័រទុយហ្កាល់ និងស៊ីព បានចូលរួមជាមួយបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនទៀត ក្នុងការផ្អាកការចាក់វ៉ាក់សាំងនេះជាបណ្តោះអាសន្ន បន្ទាប់ពីមានរបាយការណ៍ អំពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ គឺបញ្ហាកំណកឈាម ក្នុងសសៃឈាម (blood clot) ក្រោយពេលទទួលបានការចាក់វ៉ាក់សាំងនេះរួច។

គួរបញ្ជាក់ថា ភាគច្រើននៃប្រជាជន ២៥លាននាក់របស់ប្រទេសអូស្ត្រាលី នឹងត្រូវបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca នេះ ហើយអាជ្ញាធរអូស្រ្តាលី ទទួលបានវ៉ាក់សាំងនេះជិត ៥៤លានដូស ជាមួយ ៥០លានដូសទៀត នឹងត្រូវធ្វើការផលិតនៅក្នុងស្រុក ចាប់ពីចុងខែមីនានេះតទៅ៕