(សេអ៊ូល)៖ ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺជាអ្នកនាង គីម យ៉ូចុង បានរិះគន់យ៉ាងខ្លាំងចំពោះការធ្វើសមយុទ្ធយោធា នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយព្រមានរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន កុំបង្ករឿងប្រសិនបើចង់បានសន្តិភាព។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១។
KCNA បានធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការស្រង់សម្ដីចេញពី សេចក្ដីថ្លែងការណ៍មួយរបស់អ្នកនាង គីម យ៉ូចុង។ អ្នកនាង គីម យូចុងបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងសូមយកឱកាសនេះ ព្រមានរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក កុំព្យាយាមបង្ករឿងដោយធ្វើជះភាយក្លិនមិនល្អ ចូលមកក្នុងទឹកដីរបស់យើង... ប្រសិនបើកចង់ដេកលក់ស្រួលដោយសន្តិភាព នៅក្នុងរយៈពេល ០៤ឆ្នាំទៅមុខ... កុំបង្ករឿង»។
គួរបញ្ជាក់ថា ការព្រមានរបស់កូរ៉េខាងជើង បានកើតមានឡើងចំពេលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នា និងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក បំពេញដំណើរទស្សនកិច្ចមកកាន់កូរ៉េខាងត្បូង នៅក្នុងសប្ដាហ៍នេះ៕