(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះបានប្រកាសថា ខ្លួនមានគោលបំណងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនឲ្យបានចំនួន ១២លាននាក់ ក្នុងចំណោមប្រជាជនសរុបចំនួន ៥២លាននាក់ នៅត្រឹមចុងខែមិថុនាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។
ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទ្រង់ទ្រាយធំរបស់ខ្លួន ចាប់តាំងពីថ្ងៃទី២៦ ខែកុម្ភៈមកម្ល៉េះ ដែលរហូតមកទល់ពេលនេះ បានផ្តល់ការចាក់វ៉ាក់សាំងសម្រាប់ដូសដំបូងជូនដល់ប្រជាជនរបស់ខ្លួនសរុបចំនួន ៥៨៨,៩៥៨នាក់រួចហើយ ដែលភាគច្រើនជាក្រុមអ្នកជំងឺដែលមានអាយុ ៦៥ឆ្នាំចុះក្រោម ដែលរស់នៅតាមមជ្ឈមណ្ឌលថែទាំ និងក្រុមបុគ្គលិកពេទ្យដែលកំពុងព្យាបាលអ្នកជំងឺ COVID-19។
ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងដំណាក់កាលដំបូង គ្រោងនឹងបញ្ចប់នៅចុងខែមីនានេះ ខណៈការចាក់វ៉ាក់សាំងដំណាក់កាលទី២ គ្រោងនឹងចាប់ផ្តើមពីសប្តាហ៍ទី៤ នៃខែមីនារហូតដល់ខែមិថុនា ដោយនឹងមានការចូលរួមពីសំណាក់ក្រុមមនុស្សសំខាន់ៗចំនួន៦ក្រុម ក្នុងនោះរួមមានក្រុមអ្នកជំងឺ ក្រុមបុគ្គលិកពេទ្យនៅតាមមជ្ឈមណ្ឌលថែទាំដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ និងក្រុមមនុស្សដែលមានហានីភ័យខ្ពស់ ដូចជាក្រុមមនុស្សចាស់ ក្រុមជនពិការ និងក្រុមជនអនាថាជាដើម។ ចំណែកឯ ការចាក់វ៉ាក់សាំងដំណាក់កាលទី៣ គ្រោងនឹងចាប់ផ្តើមនៅខែកក្កដា ដែលភាគច្រើននឹងផ្តោតទៅលើសាធារណជនទូទៅ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង មានគោលបំណងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនប្រហែល ៧០ភាគរយនៃចំនួនប្រជាជនសរុបនៅត្រឹមខែកញ្ញាខាងមុខនេះ ដើម្បីឲ្យមានភាពស៊ាំជាសហគមន៍នៅត្រឹមខែវិច្ឆិកាខាងមុខនេះ៕