(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ីបានអះអាងនៅថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ នេះថា ក្រុមអ្នកអភិវឌ្ឍវ៉ាក់សាំង Sputnik V បានចុះកិច្ចព្រមព្រៀងផលិត ជាមួយបណ្តាប្រទេសអឺរ៉ុបសំខាន់ៗមួយចំនួនរួចរាល់ហើយ ខណៈនិយ័តករឱសថអឺរ៉ុប ក៏កំពុងធ្វើការត្រួតពិនិត្យ ដើម្បីអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់រុស្ស៊ីនេះជាផ្លូវការផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Hindu Times។

ប្រធានមូលនិធិអភិវឌ្ឍផ្ទាល់របស់រុស្ស៊ី (RDIF) គឺលោក ឃីរីល ឌីមីទ្រីវ (Kirill Dmitriev) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គភាពរបស់លោកបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនមួយចំនួនមកពី អ៉ីតាលី អេស្ប៉ាញ បារាំង និងអាល្លឺម៉ង់រួចរាល់ហើយ ដើម្បីរៀបចំផលិតវ៉ាក់សាំងបង្ការ COVID-19 មានឈ្មោះថា Sputnik V នៅក្នុងប្រទេសទាំងនោះ។

បើតាមលទ្ធផលធ្វើតេស្តចុងក្រោយ ដែលបានចេញកាលពីខែកុម្ភៈ កន្លងទៅថ្មីៗនេះ វ៉ាក់សាំង Sputnik V បានបង្ហាញប្រសិទ្ធភាពរហូតដល់ទៅ ៩២% ក្នុងការការពារមនុស្ស ប្រឆាំងនឹងវីរុស COVID-19 ដ៏កាចសាហាវ។ ប្រការនេះហើយទើបបានជាធ្វើឲ្យសហភាពអឺរ៉ុប ផ្លាស់ប្តូរទស្សនចំពោះវ៉ាក់សាំងរបស់រុស្ស៊ី ខណៈប្លុកដ៏មានអំណាចមួយនេះ ក៏កំពុងជួបវិបត្តិខ្វះវ៉ាក់សាំងស្រាប់ផងដែរ។

គួរបញ្ជាក់ថា ទោះបីជាទីភ្នាក់ងារត្រួតពិនិត្យឱសថអឺរ៉ុប (EMA) កំពុងតែស្ថិតក្នុងការត្រួតពិនិត្យ ចំពោះប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងរុស្ស៊ីខាងលើនេះនៅឡើយក្តី ក៏បណ្តាប្រទេសអឺរ៉ុបខាងកើតមួយចំនួន បានចាប់ផ្តើមប្រើប្រាស់វា ជាបណ្តើររួចទៅហើយ៕