(បាងកក)៖ ប្រទេសថៃនឹងចាប់ផ្ដើមប្រើប្រាស់ឡើងវិញនូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca នៅថ្ងៃអង្គារស្អែកនេះបន្ទាប់ពីបានផ្អាកមួយរយៈពេលខ្លី ដោយសារតែបារម្ភពីបញ្ហាសុវត្ថិភាព។ នេះបើតាមមន្ត្រីជាន់ខ្ពស់ថៃម្នាក់ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។
លោក Natreeya Thaweewong ជានាយកការិយាល័យអ្នកនាំពាក្យនៃរដ្ឋាភិបាលថៃបានប្រកាសពីព័ត៌មានខាងលើប្រាប់អ្នកសារព័ត៌មានតាមរយៈសារឆ្លើយឆ្លងនៅក្នុង គ្រុបមួយនៅថ្ងៃចន្ទនេះ។ លោក Thaweewong បានបន្ថែមទៀតថាលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីរបស់លោកទាំងអស់នឹងត្រូវចាក់វ៉ាក់សាំង AstraZeneca មុនគេនៅព្រឹកថ្ងៃអង្គារស្អែកនេះ។
គួរបញ្ជាក់ថា បណ្ដាប្រទេសអឺរ៉ុបជាច្រើន រួមទាំងប្រទេសថៃផងនោះបានសម្រេចចិត្តផ្អាកការចាក់វ៉ាក់សាំង AstraZeneca កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយសារបារម្ភពី បញ្ហាសុវត្ថិភាព បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាអ្នកចាក់វ៉ាក់សាំងនេះមួយចំនួនមានបញ្ហាកំណកឈាមនៅក្នុងសសៃឈាម។ ប៉ុន្តែ ក្រុមហ៊ុន AstraZeneca កាលពីថ្ងៃអាទិត្យម្សិលមិញបានអះអាងថាតាមរយៈការត្រួតពិនិត្យឡើងវិញលើអ្នកចាក់វ៉ាក់សាំងច្រើនជាង១៧លាននាក់ នៅក្នុងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប មិន មានភស្ដុតាងណាមួយបញ្ជាក់ពីហានិភ័យនៃកំណកឈាមក្នុងសសៃឈាមនោះទេ៕