(វ៉ាស៊ីនតោន)៖ បន្ទាប់ពីបរាជ័យចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង COVID-19 ជាមួយក្រុមហ៊ុនអាមេរិក Pfizer ប្រធានាធិបតីអាហ្សង់ទីន លោក អាល់ប៊ែរតូ ហ្វែរណាន់ដែស (Alberto Fernandez) បានសម្រេចចិត្តងាកទៅរកវ៉ាក់សាំង Sputnik V របស់រុស្ស៊ី។ Sputnik V ត្រូវបានអាជ្ញាធរនិយ័តករសុខាភិបាលអាហ្សង់ទីន អនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់កាលពីខែមករាកន្លងទៅ ពោលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះមុននឹងវ៉ាក់សាំងរុស្ស៊ីមួយនេះចំនួន ៣០០,០០០ដូសត្រូវបានដឹកចេញពី ទីក្រុងម៉ូស្គូមកដល់អាកាសយានដ្ឋានក្នុង ទីក្រុង ប៊ូអេណូ អ៊ែររ៉េស (Buenos Aires)។
បណ្ដាប្រទេសកំពុងអភិវឌ្ឍនានានៅទូទាំងពិភពលោក ក្នុងនោះរួមានទាំងអាហ្សង់ទីនមិនអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសអ្នកមានក្នុងការបញ្ជាទិញវ៉ាក់សាំង ដែលផលិតឡើងដោយក្រុមហ៊ុនប្រទេសលោកខាងលិចដូចជាក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna បាននោះទេ។ ម្យ៉ាងវិញទៀត បើតាមការសិក្សាសា្រវជ្រាវ ចេញផ្សាយដោយសារព័ត៌មាន Bloomberg មកទល់នឹងពេលនេះប្រទេសជាច្រើននៅក្នុងតំបន់អាហ្វ្រិក, អាមេរិកឡាទីន, អាស៊ីខាងត្បូង, និងអាស៊ីអាគ្នេយ៍នៅតែមាន ភាពយឺតយ៉ាវក្នុងការចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ខណៈវ៉ាក់សាំងមួយភាគធំត្រូវបានបញ្ជាទិញ និងកំពុងត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុង ចំណោមបណ្ដាប្រទេសអ្នកមាន។
នៅពេលប្រឈមមុខនឹងគ្រោះថ្នាក់ ដូចជាការឆ្លងរាតត្បាត COVID-19 ជាដើម ប្រទេសណាក៏ដូចជាប្រទេសណាដែរ រួមទាំងសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី ពួកគេសុទ្ធតែ ត្រូវគិតគូលើប្រជាជនខ្លួនឯងជាមុនសិន មុននឹងចាប់ផ្ដើមចែកចាយវ៉ាក់សាំងទៅក្រៅប្រទេស។ ក៏ប៉ុន្តែ ខណៈសហរដ្ឋអាមេរិកកំពុងជាប់ដៃចាក់វ៉ាក់សាំងជូនប្រជាជន របស់ខ្លួន រុស្ស៊ី ជាពិសេសគឺចិនឯណេះវិញបានចាប់យកឱកាសដ៏សំខាន់នេះដើម្បីពង្រីក «អំណាចស្រទន់» តាមរយៈ«វ៉ាក់សាំងការទូត» ជាមួយការចែកចាយវ៉ាក់សាំង COVID-19 ទៅកាន់បណ្ដាប្រទេសកាន់តែច្រើនឡើងនៅជុំវិញពិភពលោក។
*America First
គេនៅចាំបានថាកាលនៅជាបេក្ខជនប្រធានាធិបតី លោក ចូ បៃដិន មិនបានគាំទ្រឡើយនូវ «នយោបាយតម្កល់ផលប្រយោជន៍អាមេរិកមុនគេ ឬ America First» ចំពោះពិភពលោករបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ក៏ប៉ុន្តែ នៅពេលនិយាយពីវ៉ាក់សាំង គឺវាដល់វេនលោក បៃដិនខ្លួនឯងវិញម្ដងដែលត្រូវបន្តអនុវត្តគោលបាយនេះបន្តលោក ត្រាំ នោះគឺធានាឱ្យបានថាប្រជាជនអាមេរិកគ្រប់ៗរូបមានសុវត្ថិភាព មុននឹងចែកចាយវ៉ាក់សាំងទៅកាន់ជុំវិញពិភពលោក។
លើសពីនេះទៅទៀត លោក ចូ បៃដិន កាលពីពេលថ្មីៗនេះក៏បានសន្យាផងដែរថាប្រជាជនអាមេរិកពេញវ័យទាំងអស់នឹងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នានៅត្រឹម ចុងខែឧសភាខាងមុខ ដែលនេះនឹងតម្រូវឱ្យសហរដ្ឋអាមេរិកត្រូវស្ដុកទុកវ៉ាក់សាំងនៅក្នុងស្រុក។ «យើងនឹងធ្វើឱ្យប្រាកដថាប្រជាជនអាមេរិកត្រូវបានយកចិត្តទុកដាក់ មុនគេ ហើយបន្ទាប់មកយើងនឹងព្យាយាមជួយពិភពលោក ដោយធ្វើការជាមួយនឹងកម្មវិធី COVAX ពីព្រោះយើងនឹងមិនមានសុវត្ថិភាពបំផុតឡើយ បើសិនជាពិភពលោកទាំងមូលមិនមានសុវត្ថិភាព»។ នេះគឺជាការលើកឡើងរបស់លោក ចូ បៃដិន នៅឯសេតវិមានកាលពីថ្ងៃទី១០ ខែមីនាកន្លងទៅ។ យ៉ាងណាក៏ដោយ ពិភពលោកទាំងមូល មិនត្រូវការការរង់ចាំទៀតទេ ដូច្នេះចង់ឬមិនចង់ មេដឹកនាំនៃបណ្ដាប្រទេសដទៃកាន់តែច្រើនប្រហែលជាត្រូវបោះដៃរករុស្ស៊ី ឬចិន។
*ឱកាសពង្រីកអំណាចស្រទន់ (soft power)
អ្នកប្រាជ្ញាសង្រ្គាមចិន ស៊ុន អ៊ូ និយាយថា៖ «ឱកាសយកឈ្នះសត្រូវ គឺសត្រូវខ្លួនឯងជាអ្នកផ្ដល់ឱ្យយើង»។ ខណៈសហរដ្ឋអាមេរិកបានសន្យាថានឹងព្យាយាមជួយ ពិភពលោក ចិន និងរុស្ស៊ីបានដើរមុនមួយជំហ៊ានទៅហើយ ដោយមិនត្រឹមតែផ្គត់ផ្គង់នៅក្នុងស្រុកប៉ុណ្ណោះទេ ប្រទេសទាំង២នេះក៏បានចែកចាយវ៉ាក់សាំងទៅកាន់បណ្ដា ប្រទេសដទៃនៅជុំវិញពិភពលោកជាបណ្ដើរៗហើយដែរ។
បើតាមលោក Robbie Silverman ជាមន្ត្រីជាន់ខ្ពស់ម្នាក់មកពីអង្គការ Oxfam America គិតត្រឹមសប្ដាហ៍មុន ប្រទេសអ្នកមានចំនួន១០ បានក្រសោបយក៨០ភាគរយ នៃវ៉ាក់សាំងដែលត្រូវបានផ្គត់ផ្គង់នៅទូទាំងពិភពលោក។ ក្រុមអ្នកវិភាគយល់ថានៅក្នុងបរិបទដែលការផ្គត់ផ្គង់វ៉ាក់សាំងនៅមានកម្រិតតិចតួច បូករួមទាំងបណ្ដាប្រទេស អ្នកមាននាំគ្នាប្រមូលទិញវ៉ាក់សាំងស្ដុកទុក ចិនព្រមទាំងរុស្ស៊ីនឹងចាប់យកឱកាសនេះដើម្បីពង្រីក «អំណាចស្រទន់» និងឥទ្ធិពលរបស់ខ្លួននៅជុំវិញពិភពលោកតាមរយៈ វ៉ាក់សាំងការទូត។ ពួកគេនឹងដើរតួនាទីជាអ្នកបំពេញកង្វះខាតវ៉ាក់សាំង ហើយតាមរយៈវ៉ាក់សាំងការទូតនេះទៀតសោត វាក៏នឹងជួយលើកមុខមាត់ផ្នែកវិទ្យាសាស្ត្ររបស់ ចិន និងរុស្ស៊ីផងដែរ។
គួរបញ្ជាក់ថា អ្នកនាំពាក្យសេតវិមានលោកស្រី ជែន សាគី (Jen Psaki) នៅក្នុងខែមីនានេះបានសម្ដែងក្ដីព្រួយបារម្ភជុំវិញការពង្រីឥទ្ធិពលរបស់ចិន និងរុស្ស៊ីនៅលើឆាក អន្តរជាតិ។ លោកស្រីបានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា៖ «យើងពិតជាព្រួយបារម្ភចំពោះការប្រើប្រាស់ ឬការព្យាយាមប្រើប្រាស់វ៉ាក់សាំងជាមធ្យោបាយ ការទូតរបស់ចិន និងរុស្ស៊ី»។ ប្រហែលមកពីការព្រួយបារម្ភនេះហើយ ទើបរដ្ឋបាលប្រធានាធិបតី លោក ចូ បៃដិន បានប្រកាសផ្ដល់ប្រាក់ដល់ទៅ៤ពាន់លានដុល្លារ ដល់កម្មវិធី COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោក ដែលមានគោលបំណងធានាឱ្យបាននូវការទទួលបានវ៉ាក់សាំងប្រកបដោយតម្លាភាព៕
ប្រភព៖ Bloomberg (ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១)