(ញូយ៉ក)៖ ញូយ៉កដែលជាទីក្រុងទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារការរាតត្បាតនៃជំងឺ COVID-19 ខ្លាំងជាងគេប្រចាំនៅសហរដ្ឋអាមេរិក នាថ្ងៃអាទិត្យទី១៤ ខែមីនា (ពេលវេលាក្នុងតំបន់នៅអាមេរិក) បានសម្តែងការគោរពវិញ្ញាណក្ខន្ធចំពោះ ប្រជាជនទាំង៣០,២៥៨នាក់របស់ខ្លួន ដែលបានស្លាប់ដោយសារជំងឺនេះ គឺមានរយៈពេលមួយឆ្នាំ បន្ទាប់ពីវិបត្តិ COVID-19 បានផ្ទុះឡើងនៅទីនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។
អភិបាលក្រុងញូយ៉ក លោក Bill de Blasio បាននិយាយយ៉ាងដូច្នេះថា «COVID-19 បានផ្តាច់យកជីវិតប្រជាជនអាមេរិកនៃទីក្រុងញូយ៉ក ច្រើនជាងចំនួនអ្នកក្រុងញូយ៉ក ដែលបានស្លាប់ក្នុងសង្រ្គាមលោកលើកទីពីរ សង្រ្គាមវៀតណាម គ្រោះមហន្តរាយខ្យល់ព្យុះហឺរីខិន Sandy និងករណីមហាភេរវកម្ម «៩ កញ្ញា» បូកបញ្ចូលគ្នាទៅទៀត»។ លោក Blasio ក៏បានសម្តែងការដឹងគុណចំពោះ ក្រុមគ្រូពេទ្យដែលបានខិតខំជួយសង្រ្គោះជីវិតអ្នកជំងឺ ដែលពេលខ្លះត្រូវលីជីវិតខ្លួនឯងថែមទៀត។
គួរបញ្ជាក់ថា ជាផ្នែកការពិធីគោរពដល់ វិញ្ញាណក្ខន្ធជនរងគ្រោះទាំងជាង ០៣ម៉ឺននាក់ ដែលបានស្លាប់ដោយសារ COVID-19 រូបថតក្នុង លក្ខណៈពណ៌ស-ខ្មៅធំៗរបស់ជនរងគ្រោះ ត្រូវបានបញ្ចាំងនៅលើស្ពានដ៏ល្បីរបស់ទីក្រុងញូយ៉កគឺស្ពាន Brooklyn ផងដែរ៕