(ម៉ានីល)៖ លោក ហារី រ៉ូកេ (Harry Roque) អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន នៅថ្ងៃចន្ទនេះ បានប្រកាសថា លោកទើបតែបានធ្វើតេស្តចេញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។
លោក Roque បានប្រាប់ថា រូបលោកបានធ្វើតេស្តរកជំងឺ COVID-19 កាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីត្រៀមនឹងជួបជាមួយប្រធានាធិបតី ហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃចន្ទនេះ។ ក្រោយទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃចន្ទនេះ លោក Roque បានអនុវត្តវិធានការចត្តាឡីស័កភ្លាមៗ ហើយលោកបានទទូចឲ្យអ្នកទាំងឡាយ ដែលបានធ្វើប្រាស្រ័យទាក់ទងជាមួយលោក ត្រូវធ្វើចត្តាឡីស័កដូចគ្នា។
គួរបញ្ជាក់ថា លោក Roque គឺជាបុគ្គលទី៥ហើយ នៅក្នុងជួរគណៈរដ្ឋមន្រ្តីលោក ឌូតឺតេ ដែលបានឆ្លងជំងឺ COVID-19។ កាលពីឆ្នាំមុន រដ្ឋមន្រ្តីពាណិជ្ជកម្ម រដ្ឋមន្រ្តីការងារសាធារណៈ រដ្ឋមន្រ្តីអប់រំ និងរដ្ឋមន្រ្តីមហាផ្ទៃហ្វីលីពីន ក៏បានឆ្លង COVID-19 ដែរ ប៉ុន្តែបានជាសះស្បើយវិញអស់ហើយ៕