(បាងកក)៖ ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ បានប្រកាសពីការបន្ធូរបន្ថយលើវិធានការធ្វើចត្តាឡីស័ក ដែលត្រូវបានគេហៅឈ្មោះថា ការធ្វើចត្តាឡីស័កតាមតំបន់ (Area Quarantine)។ វិធានការនេះគ្រោងនឹងចាប់ផ្ដើមអនុវត្ត នៅថ្ងៃទី០១ ខែមេសាខាងមុខនេះ ដោយស្ថិតក្នុងគោលដៅជំរុញវិស័យទេសចរណ៍ នៃប្រទេសអាស៊ានមួយនេះឲ្យរស់ឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។
នៅក្រោមផែនការនេះ អ្នកទេសចរដែលបានចាក់វ៉ាក់សាំង COVID-19 នឹងត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេលតែ ០៧ថ្ងៃប៉ុណ្ណោះ ជំនួសឱ្យការធ្វើចត្តាឡីស័កក្នុងសណ្ឋាគាររយៈពេល ១៤ថ្ងៃ ដែលបានតម្រូវឲ្យអនុវត្តកាលពីពេលមុន។ ក្រោយធ្វើចត្តាឡីស័កមួយសប្ដាហ៍រួចរាល់ អ្នកទេសចរណ៍អាចធ្វើដំណើរ ទៅកាន់គ្រប់ខេត្តក្រុងនៃប្រទេសថៃ ខណៈអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង នឹងត្រូវចំណាយពេល ១០ថ្ងៃធ្វើចត្តាឡីស័ក។
វិធានការថ្មីៗខាងលើនេះ គឺស្ថិតក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ដារសេដ្ឋកិច្ចប្រទេសជាតិឡើងវិញ។ ប៉ុន្តែសហព័ន្ធឧស្សាហកម្មថៃបានលើកឡើងថា ទោះបីការធ្វើចត្តាឡីស័កត្រូវបន្ថយ មកនៅរយៈពេលតែ ០៧ថ្ងៃក៏ដោយ ក៏វានៅតែមិនមែនជាជម្រើសល្អឡើយ ហើយដើម្បីសម្រេចគោលដៅនេះ យើងគួរជំរុញការចាក់វ៉ាក់សាំង ជូនប្រជាជនឲ្យបានគ្រប់គ្នា នោះទើបជាគន្លឹះដ៏សំខាន់ ដែលអាចឆ្ពោះទៅរកការបើកព្រំដែនឡើងវិញ។
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសជាច្រើនបានអនុញ្ញាតឱ្យប្រជាជន ដែលបានចាក់វ៉ាក់សាំងធ្វើដំណើរយ៉ាងសេរី។ ប្រសិនបើយើង នៅតែតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ០៧ថ្ងៃ, FTI ជឿជាក់ថា អ្នកដែលបានចាក់វ៉ាក់សាំង នឹងមិនធ្វើដំណើរមកកាន់ប្រទេសថៃឡើយ ដែលនេះនឹងធ្វើឱ្យយើងបាត់បង់ ឱកាសស្ដារសេដ្ឋកិច្ចជាតិឡើងវិញ»។
ការលើកឡើងបែបនេះរបស់សហព័ន្ធឧស្សាហកម្មថៃ គឺចង់សំដៅទៅលើប្រទេសអឺរ៉ុប ដែលបានដាក់ចេញនូវលិខិតឆ្លងដែនវ៉ាក់សាំង COVID-19 ដែលអនុញ្ញាតឱ្យ ប្រជាជនធ្វើដំណើរបានដោយសេរី។ គណៈកម្មាធិការចម្រុះអចិន្ត្រៃយ៍ស្ដីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ ក៏កំពុងជំរុញឱ្យរដ្ឋាភិបាលថៃបង្កើនល្បឿនលើ ការសម្រេចលិខិតឆ្លងដែនវ៉ាក់សាំង COVID-19នេះដែរ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញផ្នែកទេសចរណ៍ថៃ រដ្ឋាភិបាលទីក្រុងបាងកក អាចនឹងចាប់ផ្ដើមជ្រើសរើសការលើកលែង ការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរ មកពីបណ្ដាប្រទេសមួយចំនួន ដែលមានតម្រូវការធ្វើទេសចរណ៍ខ្ពស់ និងមានទំនាក់ទំនងការទូតល្អជាមួយថៃដូចជា ប្រទេសចិន និងជប៉ុនជាដើម។ កាលពីឆ្នាំ២០១៩ ភ្ញៀវទេសចរចិនដែលមកកម្សាន្តប្រទេសថៃមានចំនួនដល់ទៅ ១០លាននាក់ ខណៈជប៉ុនវិញមានចំនួន ១.៨លាននាក់៕