(ប៉េកាំង)៖ រដ្ឋធានីប៉េកាំងនៃប្រទេសចិន នៅព្រឹកថ្ងៃចន្ទនេះត្រូវបានគ្របដណ្ដប់ ដោយធូលីដីពណ៌ត្នោតយ៉ាងក្រាស់ឃ្មឹកពេញអាកាស ដោយសារតែព្យុះខ្សាច់នៅឯតំបន់ស្វយ័ត អ៊ីនណឺ ម៉ុងហ្គោលី (Inner Mongolia) និងតំបន់ផ្សេងៗទៀតនៃភាគពាយ័ព្យប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។
អាជ្ញាធរឧតុនិយមចិនបានប្រកាសពីភាពអាសន្នក្នុង «កម្រិតពណ៌លឿង» នៅថ្ងៃព្រឹកថ្ងៃចន្ទនេះដោយបញ្ជាក់ថា ព្យុះខ្សាច់បានបក់បោកពីតំបន់ Inner Mongolia ចូលមកក្នុងខេត្ត ហ្គាន់ស៊ូ (Gansu),សានស៊ី (Shanxi) និងខេត្ត ហឺប៉ី (Hebei) ដែលស្ថិតនៅជុំវិញរដ្ឋធានីប៉េកាំង។ ព្យុះខ្សាច់នេះបានធ្វើឱ្យកម្រិតសន្ទស្សន៍គុណភាពខ្យល់ ក្នុងរដ្ឋធានីប៉េកាំងកើនឡើងដល់អតិបរមា ៥០០ នៅព្រឹកមិញនេះ ជាមួយកម្រិតភាគល្អិត ឬ PM10 កើនដល់ ២,០០០មីក្រូក្រាមក្នុងមួយម៉ែត្រគូប នៅតំបន់មួយចំនួន។
គួរបញ្ជាក់ថា រដ្ឋធានីប៉េកាំងប្រទេសចិន ជារឿយៗតែងតែរងផលប៉ះពាល់ពីព្យុះខ្សាច់នៅក្នុងខែមីនា និងខែមេសា ដោយសារតែស្ថិតនៅក្បែរតំបន់វាលខ្សាច់ ហ្គោពី (Gobi) នៅឯតំបន់ភាគខាងជើងនៃប្រទេស៕