(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យបានប្រកាស ដាក់ចេញនូវច្បាប់អាជ្ញាសឹកនៅក្នុងសង្កាត់ចំនួន ០២នៃទីក្រុងរ៉ង់ហ្គូន ដែលមានប្រជាជនរស់នៅកកកុញ បន្ទាប់ពីបាតុករយ៉ាងហោច ៣៩នាក់ត្រូវបានសម្លាប់ នៅក្នុងការបង្ក្រាបយ៉ាងក្តៅគគុកកាលពីថ្ងៃអាទិត្យ ដែលត្រូវបានចាត់ទុកថា ជាថ្ងៃមានមនុស្សស្លាប់ច្រើនបំផុត គិតចាប់តាំងពីបាតុកម្មផ្ទុះឡើង ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី០១ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ាបានប្រកាសថា សង្កាត់ ហ្លេង ថាយ៉ា (Hlaing Tharyar) និងសង្កាត់ ស្វេយីថា (Shwepyitha) នៃទីក្រុងរ៉ង់ហ្គូននឹងត្រូវបានដាក់នៅក្រោមច្បាប់ អាជ្ញាសឹកដែលនឹងផ្ដល់សិទ្ធិអំណាចពេញដៃដល់អាជ្ញាធរ ក្នុងតំបន់ដើម្បីអនុវត្តច្បាប់, រក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់។ ទោះជាបែបនេះក្តី ក្រុមសកម្មជនការពារសិទ្ធិមនុស្សយល់ថា ច្បាប់អាជ្ញាសឹកនេះអាចនឹងបើកដៃឱ្យអាជ្ញាធរ បង្កើនការបង្រ្កាបលើក្រុមបាតុករ ដែលនឹងធ្វើមនុស្សស្លាប់ ឬរបួសកាន់តែច្រើនឡើងតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រោយអំពើហិង្សាកាលពីថ្ងៃអាទិត្យ បានធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងបាតុកម្ម ប្រឆាំងរបបសឹកបានកើនឡើងដល់ ១២៦នាក់ហើយ ខណៈក្រុមសកម្មជន ការពារសិទ្ធិមនុស្សជឿជាក់ថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង នៅក្នុងបរិបទដែលក្រុមបាតុករ នៅតែបន្តធ្វើបាតុកម្មតវ៉ា បើទោះជាមានការបង្ក្រាប ពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាក៏ដោយ៕