(ឡុងដ៍)៖ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca បាននិយាយថា ការត្រួតពិនិត្យឡើងវិញលើទិន្នន័យសុវត្ថិភាព នៃមនុស្សដែលបានចាក់វ៉ាក់សាំង COVID-19 របស់ខ្លួន មិនបានបង្ហាញភស្ដុតាងណាមួយ ពីការកើនឡើងហានិភ័យ នៃបញ្ហាកំណកឈាមក្នុងសសៃឈាមនោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។
ការត្រួតពិនិត្យរបស់ក្រុមហ៊ុន AstraZeneca ដែលគ្របដណ្ដប់លើមនុស្សច្រើនជាង ១៧លាននាក់ ដែលបានចាក់វ៉ាក់សាំងនៅក្នុងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ធ្វើឡើងបន្ទាប់ពីអាជ្ញាធរសុខាភិបាលក្នុងប្រទេសមួយចំនួន បានសម្រេចចិត្តផ្អាកការចាក់វ៉ាក់សាំង របស់ក្រុមហ៊ុនអង់គ្លេសមួយនេះ ដោយសារបារម្ភពីបញ្ហាសុវត្ថិភាព ក្រោយពីមានសេចក្ដីរាយការណ៍ អំពីការកើតមានបញ្ហាកំណកឈាម នៅក្នុងសសៃឈាម។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន AstraZeneca បានអះអាងថា តាមរយៈការត្រួតពិនិត្យឡើងវិញ ក្រុមជំនាញពុំបានឃើញមានភស្ដុតាងណាមួយ បង្ហាញពីការកើនឡើងហានិភ័យ នៃកំណកឈាមក្នុងសសៃឈាមនោះទេ។ AstraZeneca បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ លើទិន្នន័យសុវត្ថិភាពនៃអ្នកចាក់វ៉ាក់សាំងច្រើនជាង ១៧លាននាក់ នៅក្នុងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប មិនមានភស្ដុតាងណាមួយបញ្ជាក់ពីហានិភ័យនៃការស្ទះសសៃឈាមសួត ឬកំណកឈាមជាដុំតូចៗក្នុងសសៃឈាម នៅក្នុងចំណោមក្រុមមនុស្ស ដោយគិតទាំងទៅលើវ័យ, ភេទ ឬក៏ក្រុមមនុស្ស នៅក្នុងប្រទេសណាមួយនោះឡើយ»។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន អាជ្ញាធរសុខាភិបាលនៅក្នុងប្រទេសអៀរឡង់, ដាណឺម៉ាក, ន័រវែស, អ៉ីតាលី និងហូឡង់ រួមទាំងប្រទេសមួយចំនួនទៀត បានសម្រេចចិត្តផ្អាកការចាក់វ៉ាក់សាំង ដែលអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca ជូនប្រជាជនរបស់ពួកគេ បន្ទាប់ពីប្រទេសអឺរ៉ុបជាច្រើនបានរកឃើញថា អ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca មានបញ្ហាកំណកឈាមក្នុងសសៃឈាម៕