(រ៉ង់ហ្គូន)៖ ក្រុមអ្នកនយោបាយមីយ៉ាន់ម៉ា ដែលត្រូវបានទម្លាក់ចេញអំណាចដោយរបបយោធា បានប្តេជ្ញាថានឹងបន្តជំរុញឲ្យមានបាតុកម្មក្នុងទ្រង់ទ្រាយកាន់តែធំឡើង ដើម្បីប្រឆាំងនឹងរបបយោធាផ្តាច់ការ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១។
នៅក្នុងសុន្ទរកថាសាធារណៈលើកដំបូងរបស់ខ្លួន លោក Mahn Win Khaing Than ដែលជាអតីតប្រធានសភាក្នុងសម័យរបស់លោកស្រី អោង សានស៊ូជី និងបច្ចុប្បន្នជាប្រធានសភាស្រមោល(លាក់ខ្លួន) របស់សមាជិកសភាដែលប្រឆាំងនឹងរបបយោធាបាននិយាយយ៉ាងដូច្នេះថា«នេះគឺជាពេលវេលាដ៏ខ្មៅងងឹតរបស់ប្រទេសជាតិ ហើយក៏ជាពេលវេលាដែលជិតភ្លឺឡើងវិញដែរ»។
តាមរយៈ Facebook លោក Mahn Win Khaing Than បានសង្កត់ធ្ងន់ថា«នេះជាពេលវេលាសម្រាប់ប្រជាជនយើង ក្នុងការសាកល្បងតស៊ូប្រឆាំងនឹងគ្រាដ៏ងងឹត...ទោះបីពីមុនយើងមានការខ្វែងគំនិតគ្នា ប៉ុន្តែនេះគឺជាពេលវេលាដែលយើងត្រូវតែកាន់ដៃគ្នាដើម្បីបញ្ចប់របបផ្តាច់ការជារៀងរហូត»។
បើតាមភ្នាក់ងារការពារសិទ្ធិអ្នកទោស រាយការណ៍ដោយសារព័ត៌មាន CNA បានឲ្យដឹងថា មានមនុស្សជាង ៨០នាក់ហើយដែលបានស្លាប់បាត់បង់ជីវិត និងជាង ២១០០នាក់ត្រូវបានចាប់ខ្លួនគិតចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈមក។
គួរបញ្ជាក់ថា ការតវ៉ា និងបង្ក្រាបជាបន្តបន្ទាប់ បានកើតមានឡើងចាប់តាំងពី រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច កាលពីថ្ងៃទី០១ ខែកុម្ភៈ។ នៅក្រោយរដ្ឋប្រហារកើតឡើងកាលពីពេលដំបូងៗ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានសន្យារៀបចំការបោះឆ្នោតឡើងវិញ និងប្រគល់អំណាចយ៉ាងពិតប្រាកដ ទៅដល់គណបក្សដែលឈ្នះ។ ប៉ុន្តែវាមិនអាចរំងាប់ស្ថានការណ៍នោះឡើយ ហើយការប្រឆាំងតវ៉ានៅតែបន្តកើនឡើង៕