(អាំម៉ាន់)៖ រដ្ឋមន្ត្រីសុខាភិបាលហ្ស៊កដានី លោក ណាតហៀ អូបេដាត (Nathir Obeidat) ត្រូវបានបណ្ដេញចេញពីតំណែង បន្ទាប់ពីអ្នកជំងឺ COVID-19 ចំនួន៧នាក់ បានស្លាប់ដោយសារតែការដាច់ការផ្គត់ផ្គង់អុកស៊ីសែន នៅឯមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងអំាម៉ាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១។
អ្នកនាំពាក្យម្នាក់នៃរដ្ឋាភិបាលហ្ស៊កដានី បានឱ្យដឹងថាលោកនាយករដ្ឋមន្ត្រី ប៊ីស៊ែរ អាល់ ខាសាវនេស (Bisher al Khasawneh) បានស្នើឱ្យសុំឱ្យលោក Nathir Obeidat លាលែងចេញពីតំណែង នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ជាការទទួលខុសត្រូវលើឧប្បដិហេតុខាងលើ ហើយលោក Obeidat ផ្ទាល់ក៏បានលាលែងចេញពី តំណែងផងដែរជាទទួលខុសត្រូវខាងផ្នែកសីលធម៌។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរហ្ស៊កដានី ការស៊ើបអង្កេតបឋមបានឱ្យដឹងថាអ្នកជំងឺ COVID-19 ទាំង៧នាក់ខាងលើបានស្លាប់ ដោយសារតែការដាច់ការផ្គត់ផ្គង់អុកហ្ស៊ីសែន ដល់ទៅរយៈពេលមួយម៉ោង។ ហ្ស៊កដានីបច្ចុប្បន្នមានអ្នកឆ្លង COVID-19 ទូទាំងប្រទេស ៤៦៩,០០០នាក់ ក្នុងនោះស្លាប់ ៥,២៨៥នាក់ និងជាសះស្បើយឡើងវិញ ៣៩០,១២៧នាក់៕