(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងមិនបានឆ្លើយតបទៅនឹងការទំនាក់ទំនងនៅក្រោយឆាកការទូតពីសំណាក់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចាប់តាំងពី ពាក់កណ្ដាលខែកុម្ភៈម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១។
ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពបានមកពីមន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោក បៃដិន។ មន្ត្រីជាន់ខ្ពស់រូបនេះ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មិនបានបញ្ជាក់លម្អិតពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់សហរដ្ឋអាមេរិក ក្នុងការទំនាក់ទំនងជាមួយកូរ៉េខាងជើងនោះទេ ដោយគ្រាន់តែឱ្យដឹងទៀតថារដ្ឋបាលលោក បៃដិនបានចាប់ផ្ដើមព្យាយាមទំនាក់ទំនងជាមួយកូរ៉េខាងជើង តាំងតែពីពាក់កណ្ដាលខែកុម្ភៈម៉្លេះ ក្នុងនោះរួមមានទាំង ការទំនាក់ទំនងជាមួយបេសកកម្មការទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ។ តែខាងកូរ៉េខាងជើងមិនបានឆ្លើយមកវិញនោះទេ។
គួរបញ្ជាក់ថា ការបង្ហើបពីការបរាជ័យក្នុងការទំនាក់ទំនងជាមួយកូរ៉េខាងជើង កំពុងបង្កឱ្យមានការចោទសួរសំនួរថាតើលោក ចូ បៃដិន អាចនឹងដោះស្រាយ ភាពតានតឹងជាមួយកូរ៉េខាងជើងបានយ៉ាងដូចម្ដច ជាពិសេសពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងតែម្ដង៕