(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤៨,៨០៨នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,០៣៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣០,០៤៣,៦៦២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៤៦,៦០៥នាក់ និងជាសះស្បើយឡើងសរុប ២២,១០៨,៥៩៦នាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ប្រជាជនអាមេរិកសរុបជាង ១០០លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅទូទាំងប្រទេស។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្កើនការប្តេជ្ញារបស់ខ្លួន ដើម្បីចាក់វ៉ាក់សាំងជូនមនុស្សពេញវ័យ នៅអាមេរិកទាំងអស់ ២៥៨លាននាក់ នៅត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២១៕