(ប៉េកាំង)៖ អាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺឆ្លង (CDC) របស់ប្រទេសចិន នៅថ្ងៃសៅរ៍នេះបានប្រាប់ថា ចិនកំពុងដាក់គោលដៅចាក់វ៉ាក់សាំងជូន ប្រជាជនឲ្យបានចន្លោះពី៧០ភាគរយ ទៅ៨០ភាគរយ នៃចំនួនប្រជាជនដ៏ច្រើនលើសលុបរបស់ខ្លួនគឺជិត១.៤ពាន់លាននាក់ ទប់ទល់នឹងជំងឺ COVID-19 គិតនៅត្រឹមដំណាច់ឆ្នាំនេះ ឬក៏ពាក់កណ្តាលឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន CGTN លោក Gao Fu ប្រធាន CDC ចិន បាននិយាយថា ដោយមានវ៉ាក់សាំងចំនួន០៤ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់នៅក្នុងប្រទេស ចិននឹងអាចចាក់វ៉ាក់សាំងជូនប្រជាជនបានដល់ចន្លោះ ៩០០លាន ទៅ១ពាន់លាននាក់ គិតត្រឹមនៅដំណាច់ឆ្នាំ២០២១នេះ ឬក៏នៅត្រឹមពាក់កណ្តាលឆ្នាំ២០២២ខាងមុខ។
គិតត្រឹមចុងខែកុម្ភៈ កន្លងទៅ ចិនបានចាក់វ៉ាក់សាំងចំនួន៥២.៥លានដូស។ ក្រុមអ្នកជំនាញផ្នែកសុខាភិបាលចិន បានទទួលស្គាល់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ហាក់មានល្បឿនយឺតជាងប្រទេសជាច្រើនដទៃទៀត រួមទាំងសហរដ្ឋអាមេរិកផងដែរ។ ក៏ប៉ុន្តែវ៉ាក់សាំងដែលចិនបានចែកចាយចេញទៅកាន់ បណ្តាប្រទេសជុំវិញពិភពលោក គឺច្រើនជាងវ៉ាក់សាំងដែលចិន ចែកចាយនៅក្នុងប្រទេសផ្ទាល់ ដល់ទៅប្រហែលជា១០ដងឯណោះ។
គួរបញ្ជាក់ថា ចិនបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងចំនួន០៤ ដែលអភិវឌ្ឍឡើងក្នុងប្រទេសខ្លួន ក្នុងចំណោមនោះ វ៉ាក់សាំង០២មកពី ក្រុមហ៊ុន Sinopharm, ០១មកពីក្រុមហ៊ុន Sinovac, និង០១ទៀតមកពីក្រុមហ៊ុន CanSino។ ក្រៅពីនេះ ចិននៅមានបេក្ខភាពវ៉ាក់សាំង ចំនួន១៧ផ្សេងទៀត ដែលកំពុងស្ថិតក្រោមការធ្វើតេស្ត៕