Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតប្រធានាធិបតីបូលីវីលោកស្រី Anez ត្រូវបានចាប់ខ្លួនពីបទពាក់ព័ន្ធរដ្ឋប្រហារឆ្នាំ២០១៩

13-03-2021 20:36

(បូលីវី)៖ រដ្ឋាភិបាលបូលីវីនៅថ្ងៃសៅរ៍នេះ បានចាប់ខ្លួនអតីតប្រធានាធិបតីបូលេវី លោកស្រី Jeanine Anez ពីបទជាប់ពាក់ព័ន្ធក្នុងករណី មួយកាលពីឆ្នាំ២០១៩ ដែលពួកគេចាត់ទុកជារដ្ឋប្រហារ ហើយប្រការនេះបានធ្វើឲ្យភាពតានតឹងផ្នែកនយោបាយ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ បានចាប់ផ្តើមចេញផ្កាភ្លើងជាថ្មី ក្រោយការផ្ទុះបាតុកម្មដ៏កក្រើកកាលពីជិត០២ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១។

ការចាប់ខ្លួនលោកស្រី Anez គឺជាសញ្ញានៃការកើនឡើងវិញនូវភាពតានតឹង រវាងរដ្ឋាភិបាលដែលកំពុងកាន់អំណាចបច្ចុប្បន្ន ហើយនិងក្រុមអ្នកនយោបាយប្រឆាំង ដែលរងការចោទប្រកាន់ថា បានផ្តួលរំលំអតីតប្រធានាធិបតីលោក Evo Morales ពីអំណាច។ រដ្ឋាភិបាលបូលីវីសព្វថ្ងៃ ដែលបានឡើងមកកាន់អំណាចវិញ កាលពីខែតុលា ឆ្នាំ២០២០ កំពុងព្យាយាមចាប់ខ្លួន ក្រុមមន្រ្តីក្នុងអតីតរដ្ឋបាល របស់លោកស្រី Anez និងអតីតថ្នាក់ដឹកនាំស្ថាប័នប៉ូលិសនិងយោធាផ្សេងៗទៀត ដែលពួកគេចោទថា បានរួមគ្នាបង្កើតផែនការទម្លាក់ លោក Morales។

គួរបញ្ជាក់ថា លោកស្រី Anez បានឡើងជាប្រធានាធិបតីបូលីវី កាលពីអំឡុងឆ្នាំ២០១៩ បន្ទាប់ពីលោក Morales លាលែងពីតំណែង នៅចំពោះមុខការផ្ទុះបាតុកម្មទូទាំងប្រទេស ប្រឆាំងនឹងរដ្ឋាភិបាលលោក។ លោក Morales បានអះអាងថា រូបលោកត្រូវបង្ខំឲ្យចុះចេញពីអំណាច ដោយសាររដ្ឋប្រហារដែលគាំទ្រដោយយោធា និងអាចមានពាក់ព័ន្ធជាមួយរដ្ឋាភិបាលបរទេសថែមទៀត។ យ៉ាងណាមិញ គណបក្សរបស់លោក Morales បានត្រឡប់ទៅកាន់អំណាចជាថ្មីវិញ តាមរយៈការបោះឆ្នោតកាលពីខែតុលា ឆ្នាំមុន ដោយមានលោក Luis Arce ជាប្រធានាធិបតី៕