(ម៉ាន់ដាឡាយ)៖ ក្រុមបាតុករ និងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានប៉ះទង្គិចគ្នាបន្ថែមទៀតនៅថ្ងៃសៅរ៍នេះ ដោយបានបណ្តាលឲ្យបាតុករ ០៤នាក់បាត់បង់ជីវិត ក្នុងនោះ ០៣នាក់នៅទីក្រុងម៉ាន់ដាឡាយ (Mandalay) និងម្នាក់ទៀតនៅក្រុង ព្យេយ (Pyay)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១។
លោក ថម អាន់ឌ្រូស៍ (Tom Andrew) អ្នកជំនាញឯករាជ្យផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅប្រទេសមីយ៉ាន់ម៉ាបានលើកឡើងថា យោងតាមរបាយការណ៍ដ៏គួរឲ្យទុកចិត្តបាន បាតុករសរុប ៧០នាក់ហើយបានបាត់បង់ជីវិត និងជាង ២,០០០នាក់ទៀតរងរបួស នៅក្នុងការបង្ក្រាបដោយកងកម្លាំងសន្តិសុខ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា ការតវ៉ា និងបង្ក្រាបជាបន្តបន្ទាប់ បានកើតមានឡើងចាប់តាំងពី រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច កាលពីថ្ងៃទី០១ ខែកុម្ភៈ។ នៅក្រោយរដ្ឋប្រហារកើតឡើងកាលពីពេលដំបូងៗ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានសន្យារៀបចំការបោះឆ្នោតឡើងវិញ និងប្រគល់អំណាចយ៉ាងពិតប្រាកដ ទៅដល់គណបក្សដែលឈ្នះ។ ប៉ុន្តែវាមិនអាចរំងាប់ស្ថានការណ៍នោះឡើយ ហើយការប្រឆាំងតវ៉ានៅតែបន្តកើនឡើង៕