(ប៉េកាំង)៖ ជីវភាពរស់នៅរបស់ប្រជាជន គឺជាបញ្ហាសំខាន់បំផុតក្នុងកិច្ចការនយោបាយ ហើយក៏ជាប្រធានបទដែលបានពិគ្រោះពិភាក្សា យ៉ាងសកម្មក្នុងមហាសន្និបាត នៃសភាទាំងពីររបស់ចិនផងដែរ។ ក្នុងចំណោមសូចនាករសំខាន់ៗចំនួន ២០ ក្នុងអំឡុងពេល «ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ » មានចំនួន ៧ ប្រភេទពាក់ព័ន្ធដល់សុខុមាលភាពរបស់ប្រជាជន ដែលមានអនុបាតលើសពីមួយភាគបី ហើយបានបំបែកកំណត់ត្រាខ្ពស់បំផុតនៃ «ផែនការអភិវឌ្ឍន៍ជាតិ ៥ឆ្នាំ» រាល់លើកកាលពីមុន។
ក្នុងអំឡុងពេលមហាសន្និបាតនៃសភាទាំងពីរទូទាំងប្រទេសចិន បញ្ហាជាចំណុចក្តៅអំពីជីវភាពរស់នៅរបស់ប្រជាជន ដូចជា ការធ្វើឲ្យជនបទរីកចម្រើនឡើង ភាពសម្បូរសប្បាយជាមួយគ្នា ការរកឱកាសការងារដោយយុត្តិធម៌ និងការធានាជីវិភាពមនុស្សចាស់ជរា ប្រកបដោយភាពឆ្លាតវៃជាដើម ត្រូវបានពិគ្រោះពិភាក្សាយ៉ាងពេញលេញ ហើយក្រសួងនិងស្ថាប័នពាក់ព័ន្ធក៏ចាប់ផ្តើមរៀបចំចាត់ចែង និងអនុវត្តគោលនយោបាយ និងវិធានការថ្មីបំផុត ដើម្បីធានាសុខុមាលភាពរបស់ប្រជាជន។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច ពន្លឿនជំហានទៅមុខឥតឈប់ឈរ ជីវភាពរស់នៅរបស់ប្រជាជនចិន ត្រូវបានកែលម្អគួរឱ្យកត់សម្គាល់។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនេះ ឱកាសការងារថ្មីតាមទីក្រុង និងជនបទនៅទូទាំងប្រទេសចិន បានលើសពី ៦០លាននាក់ ប្រទេសចិនបានបង្កើតឡើងនូវប្រព័ន្ធសង្គមធានាធំបំផុត នៅលើពិភពលោក ការធានារ៉ាប់រងខាងសុខាភិបាលជាមូលដ្ឋាន បានគ្របដណ្តប់ប្រជាជនលើសពី ១ពាន់ ៣រយលាននាក់ ការធានារ៉ាប់រងផ្នែកជរាភាព បានគ្របដណ្តប់ប្រជាជនចំនួនជិត ១ ពាន់លាននាក់។ ប្រការដែលគួរឱ្យលើកឡើងនោះ គឺ ឆ្លងតាមរយៈការខិតខំប្រឹងប្រែងជាច្រើនឆ្នាំ ប្រទេសចិនទទួលបានជោគជ័យគ្រប់ជ្រុងជ្រោយ ក្នុងយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ ដែលបានជួយប្រជាជនក្រីក្រនៅតាមជនបទចំនួន ៥០លាន ៥សែន ៧ម៉ឺន ៥ពាន់នាក់ឱ្យចេញផុតពីភាពក្រីក្រ។
«ពេលអ្នកកើតជំងឺ អាចព្យាបាលបាន ពេលអ្នកមានវ័យជរា អាចចិញ្ចឹមជីវិតបាន» គឺជាបំណងប្រាថ្នាសាមញ្ញបំផុតរបស់ប្រជាជន។ "Glivec" គឺជាថ្នាំដែលអាចជួយសង្គ្រោះជីវិត របស់អ្នកកើតជំងឺមហារីកឈាម។ នៅពេលមុនឆ្នាំ ២០១៨ ថ្លៃថ្នាំក្នុងមួយខែគឺត្រូវចំណាយ ២ ម៉ឺនយាន់ប្រាក់ចិន។ បច្ចុប្បន្ននេះ ចំណែកថ្នាំសិក្សាស្រាវជ្រាវដើម និងថ្នាំធ្វើត្រាប់តាមសុទ្ធតែត្រូវរួមបញ្ចូល ទៅក្នុងក្របខ័ណ្ឌស្នើសុំប្រាក់មកវិញ នៃការធានារ៉ាប់រងខាងសុខាភិបាលហើយ។
«ពេលអ្នកមានវ័យជរា អាចចញ្ចឹមជីវិតបាន ពេលអ្នកមានវ័យជរា នឹងមានជីវភាពរស់នៅសប្បាយរីករាយ» គឺជាកាតព្វកិច្ចដែលមិនអាចគេចវេះបាន របស់សង្គមទាំងមូល។ យោងតាមស្ថិតិបានបង្ហាញថា មនុស្សចាស់ជរារបស់ចិនបានឡើងដល់ចំនួន ២រយ ៦លាននាក់ ហើយមុខរបរមនុស្សចាស់ជរាអាចនិយាយបានថា គឺជាមុខរបររីកចម្រើនថី្មដ៏ធំធេង ដែលអាចនាំមកនូវតម្រូវការដ៏ពិពិធ។ ការផ្តល់សេវាដល់មនុស្សចាស់ជរាបានធ្វើឱ្យ «សេដ្ឋកិច្ចមនុស្សចាស់ជរា» បានប្រសូតឡើង ក្រោមបរិបទយុគសម័យនៃការអភិវឌ្ឍឧស្សាហកម្មសុខភាព យ៉ាងខ្លាំងក្លារបស់ចិន «សេដ្ឋកិច្ចមនុស្សចាស់ជរា» បានបំពេញបន្ថែមភាពរស់រវើក ដ៏ខ្លាំងក្លាទៅក្នុងទីផ្សារ។
តម្រូវការចំពោះគុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន មិនត្រឹមតែរំពឹងទុកឱ្យមានឱកាសការងារកាន់តែនឹងនរ ប្រាក់ចំណូលកាន់តែពេញចិត្ត និងសង្គមធានាកាន់តែទុកចិត្តប៉ុណ្ណោះទេ ថែមទាំងក៏មានការរំពឹងទុកពីបរិស្ថានកាន់តែល្អស្អាតផងដែរ។ ការពន្លឿនបែបបទអភិវឌ្ឍន៍មានការផ្លាស់ប្តូរ រូបមន្តបែបបៃតងនិងជំរុញដោយស៊ីសង្វាក់គ្នា នូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ និងការការពារអេកូបរិស្ថានប្រកបដោយកម្រិតខ្ពស់ នេះគឺជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិន ក្នុងការអភិរក្សភ្នំបៃតងទឹកស្អាត។
បញ្ហាជីវភាពរស់នៅរបស់ប្រជាជន ដូចជា សម្លៀកបំពាក់ ចំណីអាហារ ទីលំនៅនិងការធ្វើដំណើរព្រមទាំងសុវត្ថិភាព និងសុខភាពជាដើម នៅតែជាការយកចិត្តទុកដាក់បំផុតរបស់ប្រជាជនដដែល ពោលគឺ ពួកយើងចង់ទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចផង ហើយក៏នឹងកសាងបរិស្ថានដ៏ល្អស្អាតផងដែរ ពួកយើងចង់បានជីវភាពរស់នៅដោយសុភមង្គល និងប្រកបអាជីវកម្មដោយសប្បាយរីករាយផង ហើយក៏ត្រូវការសមភាព និងយុត្តិធម៌ផងដែរ ពេលពួកយើងកើតជំងឺ អាចព្យាបាលបានផង ហើយពេលពួកយើងមានវ័យជរា ក៏អាចចិញ្ចឹមជីវិតបានផងដែរ ពួកយើងត្រូវលំនឹងឱកាសការងារផង ហើយក៏ត្រូវពង្រឹង និងពង្រីកការធានាដល់ជីវភាពរស់នៅជាមូលដ្ឋានផងដែរ។ ប្រការទាំងអស់នេះនឹងត្រូវសម្រេចបានជាបណ្តើរៗក្នុងរយៈពេល ៥ឆ្នាំ ឬក៏រហូតដល់ឆ្នាំ ២០៣៥ ខាងមុខនេះ។ ឱ្យតែប្រជាជនមានតម្រូវការ រដ្ឋាភិបាលចាំបាច់ត្រូវបំពេញតាមជាមិនខាន ប្រការនេះគឺជាដើមហេតុដែលរដ្ឋាភិបាលចិន ទទួលបានការពេញចិត្តខ្ពស់ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកហ្នឹងឯង៕