(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសៅរ៍នេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លង COVID-19 ថ្មីៗចំនួន ៧៨នាក់បន្ថែមទៀត ខណៈអ្នកជំងឺម្នាក់ទៀតបានស្លាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១។
CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ៦៧ករណី ជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៤៨ករណី ត្រូវបានរកឃើញនៅខេត្ត សាមុត សាខន (Samut Sakhon), ១៣ករណីនៅទីក្រុង បាងកក (Bangkok), និង ០២ករណីទៀតនៅខេត្ត ផាទុម ថានី (Pathum Thani)។ ចំណែកឯ ១១ករណីផ្សេងទៀតជាករណីនាំចូល ត្រូវបានរកឃើញនៅលើអ្នកដំណើរ ដែលបានវិលត្រលប់មកពីបរទេសវិញ។
CCSA បានគូសបញ្ជាក់បន្ថែមថា អ្នកជំងឺម្នាក់ដែលត្រូវបានរាយការណ៍ថាស្លាប់ គឺជាស្រ្តីអាយុ ៣១ឆ្នាំ ដែលមានជំងឺទឹកនោមផ្អែមប្រចាំកាយស្រាប់ និងរស់នៅខេត្ត Samut Sakhon។ ស្ត្រីរូបនេះមានអាការៈក្ដៅខ្លួន ក្អកមានស្លេស និងឈឺសាច់ដុំកាលពីថ្ងៃទី១៥ ខែកុម្ភៈ និងបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះ COVID-19 រយៈពេល ០៤ថ្ងៃក្រោយមក។ ស្ត្រីរូបនេះបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបានសម្រាកព្យាបាល នៅឯមន្ទីរពេទ្យអស់រយៈពេលជិត ០១ខែ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៦,៧៥៧ករណី ក្នុងនោះមានអ្នកស្លាប់ ៨៦នាក់ និងអ្នកជាសះស្បើយឡើងវិញ ២៦,០៨៦នាក់៕