(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទើបតែបានសម្រេចឲ្យរដ្ឋបាលរបស់លោក បញ្ជាទិញវ៉ាក់សាំងបង្ការ COVID-19 ចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson ដែលទើបត្រូវបានអង្គការសុខភាពពិភពលោក (WHO) និងនិយ័តករឱសថ នៃសហភាពអឺរ៉ុប (EMA) ធ្វើការអនុម័តឲ្យប្រើក្នុងករណីបន្ទាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១។
ការបញ្ជាទិញរបស់រដ្ឋបាលលោក ចូ បៃដិន ខាងលើនេះ គឺត្រូវបានគេមើលឃើញថា ជាការបង្កើនចំនួនវ៉ាក់សាំងបង្ការ COVID-19 នៅក្នុងឃ្លាំងរបស់សហរដ្ឋអាមេរិកផ្ទាល់ ខណៈរដ្ឋបាលរបស់លោក បាននិងកំពុងជំរុញការចាក់វ៉ាក់សាំង ឲ្យដល់មនុស្សពេញវ័យគ្រប់រូប នៅទូទាំងសហរដ្ឋអាមេរិកប្រមាណ ២៥៨លាននាក់ នៅត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២១ ហើយនឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់មនុស្ស ៤០០លាននាក់់ នៅត្រឹមដំណាក់ខែកក្កដា ឆ្នាំដដែល។
សម្រាប់វ៉ាក់សាំង ១០០លានដូសពីក្រុមហ៊ុន Johnson & Johnson ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមទទួលការផ្គត់ផ្គង់ ចាប់ពីពាក់កណ្តាលឆ្នាំ២០២១។ ជំនួយការលោក ចូ បៃដិន បានអះអាងថា រដ្ឋាភិបាលអាមេរិកត្រូវធានា ឲ្យប្រជាជនរបស់ខ្លួនទាំងអស់ ទទួលបានការចាក់វ៉ាក់សាំងរួចរាល់សិន ទើបខ្លួនអាចគិតគូរក្នុងការចែករំលែក វ៉ាក់សាំងទាំងនេះទៅកាន់ទីកន្លែងផ្សេងទៀត។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ប្រជាជនអាមេរិកសរុប ១០១,១២៨,០០៥នាក់ហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅទូទាំងប្រទេស ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna, Pfizer-BioNTech និង Johnson & Johnson។ ក្នុងចំណោមប្រជាជនអាមេរិក ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ខាងលើនេះ ៦៥.៩លាននាក់បានទទួលការចាក់ដូសដំបូង និង ៣៥លាននាក់ទៀត បានទទួលការចាក់គ្រប់ដូស (៣៥លាននាក់ គឺស្មើនឹង ១០.៥% នៃចំនួនប្រជាជនសរុបរបស់អាមេរិកទាំងអស់ ៣៣១លាននាក់)៕