Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេស៦៤ សម្តែងការប្រឆាំងចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន លើប្រទេសចិនជុំវិញបញ្ហាសិទ្ធិមនុស្ស

13-03-2021 14:41

(ហ្សឺណែវ)៖ ប្រទេសគុយបា នៅថ្ងៃសុក្រសប្ដាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយតំណាងឲ្យប្រទេសចំនួន៦៤ នៅឯសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHRC) ដោយអំពាវនាវឲ្យប្រទេសមួយចំនួនបញ្ឈប់ការចោទប្រកាន់ ដែលគ្មានមូលដ្ឋានប្រឆាំងនឹងប្រទេសចិន ដោយសារតែហេតុផលនយោបាយទេទៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍រួមខាងលើ បានលើកឡើងថាថា ភាគីទាំងអស់គួរតែលើកកម្ពស់ និងការពារសិទ្ធិមនុស្សតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា និងប្រឆាំងដាច់ខាតនូវ ការធ្វើនយោបាយតូបនីយកម្ម នៃបញ្ហាសិទ្ធិមនុស្ស និងការប្រកាន់ស្តង់ដាពីរ។

សេចក្តីថ្លែងការណ៍ដដែល បានគូសបញ្ជាក់បន្ថែមថា «តំបន់ស៊ីនជាំង (Xinjiang) គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីប្រទេសចិន។ យើងទទូចឱ្យភាគីពាក់ព័ន្ធទាំងអស់គោរពតាមគោលបំណង និងគោលការណ៍នានានៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ (UN) ដូចជាបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន តាមរយៈការបំប៉ងបញ្ហាពាក់ព័ន្ធនឹងតំបន់ Xinjiang, ជៀសវាងបង្កើតការចោទប្រកាន់ ដែលគ្មានមូលដ្ឋានប្រឆាំងនឹងប្រទេសចិន ដោយចេញពីការជំរុញផ្នែកនយោបាយ និងកាត់បន្ថយការអភិវឌ្ឍនៃប្រទេសដែលកំពុងអភិវឌ្ឍន៍ ក្រោមលេសសិទ្ធិមនុស្ស»

កាលពីថ្ងៃទី០៥ ខែមីនាកន្លង ទៅនេះ ប្រទេសបេឡារុសក៏បានថ្លែងសុន្ទរកថារួម តំណាងឲ្យប្រទេសចំនួន៧១ ក្នុងសម័យប្រជុំ UNHRC លើកទី៤៦ ដោយសង្កត់ធ្ងន់ផងដែរថា កិច្ចការទីក្រុងហុងកុងជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយមិនគួរមានការចូលជ្រៀតជ្រែកពីកម្លាំងខាងក្រៅឡើយ។

គួរបញ្ជាក់ថា នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសមួយចំនួន បានសម្តែងការគាំទ្រយ៉ាងមុតមាំចំពោះប្រទេសចិន លើបញ្ហាទាក់ទងនឹងតំបន់ Xinjiang និងទីក្រុងហុងកុង នៅក្នុងសេចក្តីថ្លែងការណ៍ជាលក្ខណៈបុគ្គលរបស់ពួកគេ ដែលបានថ្លែងនៅក្នុងសម័យប្រជុំ UNHRC នេះ៕