(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃសុក្រសប្តាហ៍នេះ បានទទូចឲ្យបណ្តាប្រទេសទាំងឡាយ ដែលមានកងទ័ពនិងទាហានស៉ីឈ្នួលនៅក្នុងប្រទេសលីប៊ី ដកកងកម្លាំងចេញពីលីប៊ីវិញ ដោយមិនត្រូវអូសបន្លាយពេលយូរនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១។
ប្រទេសលីប៊ីបានធ្លាក់ទៅក្នុងភាពចលាចល ក្រោយការបះបោរដែលមានអង្គការ NATO នៅពីក្រោយខ្នង កាលពីឆ្នាំ២០១១ ដែលបាននាំទៅរកការផ្តួលរំលំរបបលោក Muammar Gaddafi ហើយធ្វើឲ្យលីប៊ីបែកខ្ញែកជាពីរគឺរវាង រដ្ឋាភិបាលនៅរដ្ឋធានីទ្រីប៉ូលី ដែលគាំទ្រដោយអង្គការសហប្រជាជាតិ និងគូបដិបក្ខដែលមានមូលដ្ឋាននៅតំបន់ភាគខាងកើតប្រទេស។ ទាំងសងខាងសុទ្ធតែមានក្រុមកងជីវពលក្នុងស្រុក ព្រមទាំងមហាអំណាចក្នុងតំបន់ និងបរទេសជាខ្នងបង្អែក។
កាលពីខែមេសា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ Khalifa Haftar ដែលគាំទ្រដោយអេហ្ស៉ីបនិងអេមីរ៉ាត់អារ៉ាប់រួម បានលើកកងកម្លាំងខ្លួន ធ្វើប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីព្យាយាមដណ្តើមកាន់កាប់រដ្ឋធានីទ្រីប៉ូលី។ ប៉ុន្តែយុទ្ធនាការលោកបានបរាជ័យ ក្រោយតួកគីបានបង្កើនការគាំទ្រផ្នែកយោធា ដល់រដ្ឋាភិបាលនៅទ្រីប៉ូលី តាមរយៈការបញ្ជូនទ័ពតួកគីផ្ទាល់រាប់រយនាក់ និងក្រុមទាហានស៉ីឈ្នួលស៉ីរីរាប់ពាន់នាក់ ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្រេចបានកាលពីខែតុលា ឆ្នាំ២០២០ បានអំពាវនាវឲ្យកងកម្លាំងបរទេស និងក្រុមទាហានស៉ីឈ្នួលទាំងអស់ ត្រូវតែដកចាកចេញពីប្រទេសលីប៊ីវិញ ក្នុងរយៈពេល០៣ខែ ប៉ុន្តែមកទល់ពេលនេះមិនទាន់មាន ការគោរពតាមត្រឹមត្រូវនោះទេ ដែលជាហេតុធ្វើឲ្យ UN ចេញមុខទទូច៕