Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក, អូស្ត្រាលី, ឥណ្ឌា និងជប៉ុនសន្យាផ្តល់វ៉ាក់សាំង «១ពាន់លានដូស» ដល់តំបន់អាស៊ីអាគ្នេយ៍-ប៉ាស៊ីហ្វិក ដែលអាចជាវ៉ាក់សាំង Johnson & Johnson ផលិតនៅឥណ្ឌា ​​​​(Video inside)

13-03-2021 11:47

(បរទេស)៖ នៅក្នុងកិច្ចប្រជុំ ៤ប្រទេសហៅកាត់ថា ក្វាដ (Quad) រវាងសហរដ្ឋអាមេរិក, អូស្ត្រាលី, ឥណ្ឌា និងជប៉ុន ភាគីទាំងអស់បានព្រមព្រៀងគ្នាថា នឹងផ្តល់វ៉ាក់សាំងបង្ការ COVID-19 សរុប ១ពាន់លានដូស ដល់បណ្តាប្រទេសភាគច្រើននៅអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៅត្រឹមដំណាច់ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១។

ការប្តេជ្ញារួមគ្នាខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងមេដឹកនាំ ប្រទេសទាំង ៤ ជាលើកដំបូង គិតចាប់តាំងពីវេទិកា Quad ត្រូវបានបង្កើតឡើងកាលពីថ្ងៃឆ្នាំ២០០៧។ សម្រាប់វ៉ាក់សាំងដែលនឹងត្រូវផ្តល់ ទៅកាន់បណ្តាប្រទេសអាស៊ីនោះ គឺអាចជាផលិតផលរបស់ក្រុមហ៊ុនអាមេរិក Johnson & Johnson ដែលទើបទទួលបានការអនុម័ត ឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ពីសំណាក់អង្គការសុខភាពពិភពលោក (WHO) ហើយប្រទេសឥណ្ឌានឹងត្រូវទទួលបន្ទុក សម្រាប់ការផលិតវ៉ាក់សាំងបង្ការ COVID-19 ដែលតម្រូវឲ្យចាក់តែមួយដូសនេះ។

សហរដ្ឋអាមេរិកបានលើកឡើងក្នុងឱកាសនោះថា កិច្ចព្រមព្រៀងដ៏ធំពេលនេះ នឹងធ្វើការផ្តោតជាសំខាន់បំផុត ទៅលើការផ្តល់វ៉ាក់សាំង ទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចេក ស៊ូលលីវែន (Jake Sullivan) បានលើកឡើង ក្រោយកិច្ចប្រជុំខាងលើនេះថា «ជាមួយនឹងសមត្ថភាពផលិតរបស់ឥណ្ឌា, បច្ចេកវិទ្យាពីអាមេរិក និងការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ជប៉ុន និងអូស្ត្រាលី យើងបានប្តេជ្ញាផ្គត់ផ្គង់វ៉ាក់សាំងរហូតដល់ ១ពាន់លានដូស (នៅត្រឹមដំណាច់ឆ្នាំ២០២២)»

បើតាមការគូសបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់អាមេរិក កិច្ចព្រមព្រៀងចែកចាយវ៉ាក់សាំងខាងលើនេះ នឹងផ្តោតសំខាន់ទៅលើបណ្តាប្រទេស ស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន), ប៉ាស៊ីហ្វិក និងតំបន់មួយចំនួនទៀតក្នុងទ្វីបអាស៊ី។ អាស៊ានមានសមាជិកចំនួន ១០ ប្រទេស និងប្រជាជនរស់នៅសរុបជាង ៦៦០លាននាក់ (បើតាមតួលេខឆ្នាំ២០២០)។ ប្រទេសអាស៊ានមួយចំនួនដូចជា ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងមីយ៉ាន់ម៉ាជាដើម សុទ្ធតែកំពុងកើតមានករណីឆ្លង COVID-19 យ៉ាងគំហុក៕