Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក៖ គ្រួសារបុរសស្បែកខ្មៅ George Floyd ឈានទៅទទួលសំណងជាទឹកប្រាក់ «២៧លានដុល្លារ» ពីអាជ្ញាធរទីក្រុង Minneapolis ​​​​(Video inside)

13-03-2021 10:28

(មីននាផូលីស)៖ មេធាវីបានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថា ក្រុមគ្រួសាររបស់លោក ចច ហ្វ្លយ (George Floyd) បុរសស្បែកខ្មៅដែលត្រូវបានប៉ូលិសទីក្រុង មីននាផូលីស (Minneapolis) យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់នោះ បានឈានទៅទទួលសំណងជាទឹកប្រាក់រហូតដល់ «២៧លានដុល្លារអាមេរិក» នៅក្នុងដំណោះស្រាយជុំវិញការស្លាប់របស់លោក Floyd។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១។

មន្រ្តីប៉ូលីសទីក្រុង Minneapolis ម្នាក់គឺលោក ដេរិក ឆូវីន (Derek Chauvin) នាពេលបច្ចុប្បន្ននេះ ត្រូវបានកាត់ទោសពីបទឃាតកម្មកម្រិតស្រាល និងបទមនុស្សឃាតដោយអចេតនា ទាក់ទងនឹងការស្លាប់របស់លោក Floyd កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ដែលត្រូវបានថតជាខ្សែវីដេអូដោយអ្នកឈរមើល និងត្រូវបានចែកចាយនៅជុំវិញពិភពលោក។ រីឯមន្រ្តីប៉ូលិស ០៣នាក់ផ្សេងទៀត ក៏ត្រូវបានប្រឈមនឹងការចោទប្រកាន់ ដូចខាងលើនេះផងដែរ។

លោក បិន ក្រាំ (Ben Crump) ដែលជាមេធាវីរបស់ក្រុមគ្រួសារលោក Floyd បានគូសបញ្ជាក់ថា «មរណភាពដ៏គួរឱ្យរន្ធត់របស់លោក George Floyd ដែលត្រូវបានឃើញដោយមនុស្សរាប់លាននាក់ នៅជុំវិញពិភពលោកនេះ បានបង្ហាញនូវការទាមទាររកយុត្តិធម៌ និងការទាមទារឲ្យមានការផ្លាស់ប្តូរ ដែលមិនអាចប្រកែកបាន»

លោក Crump បានគូសបញ្ជាក់បន្ថែមថា «ខាងលើនេះ គឺជាដំណោះស្រាយមុនពេលជំនុំជម្រះដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ជុំវិញករណីមរណភាពរបស់បុរសស្បែកខ្មៅម្នាក់ ដែលវាបានចែកចាយនូវសារដ៏មានឥទ្ធិពលមួយថា Black lives do matter ឬមានន័យថា ជីវិតជនជាតិស្បែកខ្មៅក៏មានតម្លៃដែរ ហើយអំពើឃោឃៅរបស់ប៉ូលិស ប្រឆាំងនឹងពណ៌សម្បុរជាតិសាសន៍ត្រូវតែបញ្ចប់»

គួរបញ្ជាក់ថា លទ្ធផលនៃការដោះស្រាយនេះ បានមកពីបណ្តឹងសហព័ន្ធដែលគ្រួសាររបស់លោក Floyd បានប្តឹងកាលពីខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះប្រឆាំងនឹងអាជ្ញាធរប៉ូលិសទីក្រុង Minneapolis៕