(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក(WHO)បាននិយាយនៅថ្ងៃសុក្រនេះថា គ្មានហេតុផលណាមួយដែលត្រូវបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca បន្ទាប់ពីបណ្តាប្រទេសអឺរ៉ុបមួយចំនួនបានផ្អាកការប្រើប្រាស់វ៉ាក់សាំងនេះក្នុងការប្រយុទ្ធប្រឆាំង COVID-19 ដោយសារតែការព្រួយបារម្ភអំពីបញ្ហាកំណកគ្រាប់ឈាម(blood clot )នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន HindustanTimes នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។

ឆ្លើយតបនឹងអ្នកសារព័ត៌មានដែលបានសួរទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យអង្គការសុខភាពពិភពលោកស្រីវេជ្ជបណ្ឌិត ម៉ាហ្គារែត ហារីស (Margaret Harris) បានលើកឡើងយ៉ាងដូច្នេះថា «ចាស៎ ពិតហើយ! យើងគួរតែបន្តប្រើប្រាស់វ៉ាក់សាំង AstraZeneca នេះតទៅទៀត…គ្មានការចង្អុលបង្ហាញណាមួយដែលត្រូវឈប់ប្រើប្រាស់វានោះទេ»

ការគូសបញ្ជាក់របស់ WHO ខាងលើ បានកើតមានឡើងក្រោយពី បណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀតដូចជា ដាណឺម៉ាក, ន័រវែស អ៉ីតាលី និង អ៉ីស្លង់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានប្រកាសព្រមៗគ្នា ពីការផ្អាកការប្រើប្រាស់ វ៉ាក់សាំង Astra Zeneca ក្នុងការប្រយុទ្ធប្រឆាំង COVID-19 ក្រោយពីពលរដ្ឋមួយចំនួនក្នុងប្រទេសទាំង ៤នេះ បានរាយការណ៍ពីបញ្ហាសុខភាព ក្នុងនោះគឺបញ្ហាកំណកឈាម (blood clots) ក្រោយពីពួកគេបានចាក់វ៉ាក់សាំងនេះរួច។

គួរបញ្ជាក់ថា ជុំវិញបញ្ហានេះ ក្រុមហ៊ុន Astra Zeneca និង អាជ្ញាធរឱសថអឺរ៉ុប បានចេញមុខធានាអះអាងពីគុណភាព និងសុវត្ថិភាពរបស់វ៉ាក់សាំង Astra Zeneca។ ទីភ្នាក់ងារឱសថអឺរ៉ុប បានឲ្យដឹងថា គិតរហូតដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ គេរកឃើញថានៅក្នុងចំណោមអ្នកដែលបានទទួលវ៉ាក់សាំង Astra Zeneca ជាង៣លាននាក់ នៅក្នុងទឹកដីងអឺរ៉ុប មានតែមនុស្ស២២នាក់ប៉ុណ្ណោះដែលមានបញ្ហាដំកំណកឈាមក្នុងសរសៃឈាម៕