(ឡុងដ៍)៖ ចក្រភពអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍មួយ ដោយណែនាំប្រជាជនខ្លួន ដែលកំពុងរស់នៅមីយ៉ាន់ម៉ា ឲ្យចាកចេញពីប្រទេសអាស៊ានមួយនេះ ប្រសិនបើអាចទៅរួច ឬបើពុំដូច្នោះទេ ពួកគេគួរតែព្យាយាមស្នាក់នៅក្នុងផ្ទះ ព្រោះអំពើហិង្សាត្រូវបានគេមើលឃើញថា បាននិងកំពុងកើនឡើងជាលំដាប់ រវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករប្រឆាំងរបបយោធាមីយ៉ាន់ម៉ា ដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិលលោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។
ការអំពាវនាវពីចក្រភពអង់គ្លេសខាងលើនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសេចក្តីរាយការណ៍នានាបានឲ្យដឹងថា បាតុករចំនួន ១២នាក់ទៀតបានស្លាប់ នៅក្នុងការបង្ក្រាបដោយហិង្សាពីសំណាក់ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ចំពោះមុខការទម្លាក់បទចោទប្រកាន់ថ្មីៗទៀត ពីសំណាក់់តុលាការទៅលើលោកស្រី អោង សាន ស៊ូ ជី។
ក្រសួងការបរទេសនៃចក្រភពអង់គ្លេស បានគូសបញ្ជាក់នៅក្នុងសេចក្តីការណ៍ នៅថ្ងៃសុក្រនេះយ៉ាងដូច្នេះថា «យើងផ្តល់ដំបូន្មានឲ្យប្រជាជន នៃចក្រភពអង់គ្លេសទាំងអស់ ចាកចេញពីប្រទេសមីយ៉ាន់ម៉ា តាមមធ្យោបាយដែលអាចធ្វើទៅបាន លើកលែងតែអ្នកដែលមានកិច្ចការចាំបាច់បំផុត ដែលត្រូវបន្តស្នាក់នៅទីនោះប៉ុណ្ណោះ។ ភាពតានតឹងនយោបាយ និងការប្រឆាំតវ៉ា កំពុងតែរីកធំឡើងៗ គិតចាប់តាំងពីយោធាឡើងកាន់អំណាច ហើយអំពើហិង្សាកំពុងបន្តកើនឡើងជាលំដាប់»។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានប្រកាសថ្កោលទោស រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ារួចមកហើយ និងបានអំពាវនាវឲ្យមីយ៉ាន់ម៉ា ស្តារលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនឡើងវិញ។ ចក្រភពអង់គ្លេសក៏កំពុងពិចារណា ក្នុងការដាក់ទណ្ឌកម្ម ទៅលើរបបយោធានៅមីយ៉ាន់ម៉ាផងដែរ៕