(ប៉ាគីស្ថាន)៖ អាជ្ញាធរប៉ាគីស្ថាន នៅថ្ងៃសុក្រនេះបានឱ្យដឹងថាកម្មករអណ្ដូងរ៉ែ៦នាក់ បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះនៅឯអណ្ដូងរ៉ែធ្យូងថ្មមួយកន្លែង ស្ថិតនៅ ភាគនីរតីនៃប្រទេស ក្បែរព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។

បើតាមអាជ្ញាធរប៉ាគីស្ថាន កម្មកររ៉ែទាំង៦នាក់ខាងលើដែលបានស្លាប់ គឺស្ថិតនៅក្នុងចំណោមកម្មករទាំង៨នាក់ ដែលជាប់នៅក្រោមអណ្ដូងរ៉ែ នៅពេលដែលមាន ការផ្ទុះឧស្ម័នមេតាន នៅឯអណ្ដូងរ៉ែធ្យូងថ្មមួយក្នុងតំបន់ម៉ាវ៉ា (Marwar)នៃខេត្តបាលូឈិស្ថាន (Balochistan)។

គួរបញ្ជាក់ថា អាជ្ញាធរប៉ាគីស្ថានមិនទាន់អាចកំណត់ពីមូលហេតុផ្ទុះឧស្ម័នមេតា បាននៅឡើយទេ ខណៈបិទអណ្ដូងរ៉ែធ្យូងថ្មខាងលើត្រូវបានបិទជាបណ្ដោះអាសន្ន ហើយការស៊ើបអង្កេតមួយកំពុងធ្វើឡើង៕