(ឡុងដ៍)៖ ខែមីនា ឆ្នាំ២០១១-ខែមីនា ឆ្នាំ២០២១នេះ គឺជាខួប១០ឆ្នាំហើយនៃសង្រ្គាមស៊ីវិលនៅក្នុងប្រទេសស៊ីរី ដែលសម្លាប់ជនស៊ីវិលរាប់សែននាក់ និងបំផ្លាញ សេដ្ឋកិច្ចប្រទេសមួយនេះស្ទើតែទាំងស្រុង។ ១០ឆ្នាំមកនេះប្រទេសជាតិក៏ត្រូវបែកបាក់ ប្រជាជននៅតែបន្តរស់នៅក្រោមភាពអត់ឃ្លាន ហើយនៅតែមិនទាន់ស្គាល់ សន្តិភាពនៅឡើយ បើទោះជារដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាស្សា អាល់អាសាដ កំពុងគ្រប់គ្រងទឹកដីមួយផ្នែកធំក្រោមការជួយជ្រោមជ្រែងពីរុស្ស៊ី ក៏ដោយ។
គេនៅចំាបានថាក្នុងឆ្នាំ២០១១ ចលនាគំាទ្រប្រជាធិបតេយ្យបានផ្ទុះឡើងនៅពាសពេញតំបន់មជ្ឈិបូព៌ា ហើយវាបានរាលដាលចូលមកក្នុងប្រទេសស៊ីរីនៅខែមីនា ឆ្នាំដដែល ដោយបាតុកម្មតវ៉ាចាប់ផ្ដើមផ្ទុះឡើងដំបូងគេក្នុងទីក្រុង Deraa។ ក្រុមបាតុករស៊ីរីបាននាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការដឹកនាំរបស់លោកអាសាដ ដែល ពួកគេចោទថាពុករលួយ, ផ្ដាច់ការ និងរឹតត្បិតសេរីភាព។ បាតុកម្មតវ៉ានៅស៊ីរីដែលពីដំបូងឡើយធ្វើឡើងតាមសន្តិវិធីបានប្រែក្លាយជាអំពើហិង្សាបន្តិចម្ដងៗ រហូតដល់ផ្ទុះទៅជាបដិវត្តន៍ពណ៌ និងការបង្កើតចលនាកម្លាំងប្រដាប់អាវុធដោយមានការគាំទ្រពីបរទេសប្រឆាំងរដ្ឋាភិបាល។
ទាំងប្រជាជននៅលីប៊ី ក៏ដូចជានៅស៊ីរី ពីដំបូងហាក់ដូចជាពុះកញ្ជ្រោលជាមួយការធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំរបស់ពួកគេ។ ប៉ុន្តែ ក្រោយបាតុកម្មតវ៉ាប្រែទៅជា សង្រ្គាមស៊ីវិលបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងធ្វើឱ្យប្រទេសជាតិបែកបាក់ជាច្រើនបំណែក ទើបពួកគេមួយចំនួនចាប់ផ្ដើមយំស្ដាយនឹកស្រណោះជីវភាពកាលពីពេល មុនសង្រ្គាម។
បណ្ដាប្រទេសលោកខាងលិចមួយចំនួនដែលគាំទ្រចលនាប្រឆាំងរដ្ឋាភិបាលដែលមិនត្រូវគ្នាជាមួយនឹងពួកគេ តែងតែសន្យាការពារសិទ្ធិមនុស្ស, ស្វែងរកសន្តិភាព និងប្រជាធិបតេយ្យ។ តែតាមការពិត ការធ្វើអន្តរាគមន៍របស់ពួកគេនៅស៊ីរីសុទ្ធតែសម្លឹងមើលឃើញពីប្រយោជន៍ផ្ទាល់ខ្លួនលើភូមិសាស្ត្រនយោបាយពង្រីកឥទ្ធិពល នៅក្នុងតំបន់ មុនគិតគូពីប្រជាជនស៊ីរីដោយពួកគេខ្លាចស៊ីរីធ្លាក់ចូលទៅក្នុងដៃប្រទេសមួយនេះ ឬប្រទេសមួយនោះដែលអាចនឹងបំផ្លាញប្រយោជន៍របស់ពួកគេ។
ជាក់ស្ដែងបច្ចុប្បន្ន ស៊ីរីនៅពេលនេះបានក្លាយទៅជាសមរភូមិដណ្ដើមឥទ្ធិពលរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី រួមទាំងមហាអំណាចក្នុងតំបន់ដូចជាអ៉ីស្រាអែល តួកគី និងអ៉ីរ៉ង់។ ជាឧទាហរណ៍ ដោយសំអាងលើការប្រឆាំងនឹងការពង្រីកឥទ្ធិពលរបស់អ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី អ៉ីស្រាអែលដោយមានការគំាទ្រពីអាមេរិក តែងតែបើកការវាយប្រហារតាមផ្លូវអាកាសនៅលើទឹកដីស៊ីរី ខណៈតួកគីវិញក៏បានធ្វើប្រតិបត្តិការយោធាប្រឆាំងក្រុមសកម្មប្រយុទ្ធឃើដចូលដល់ក្នុងទឹកដីស៊ីរី ផងដែរ។ ជម្លោះនៅស៊ីរី ក៏ដូចជានៅលីប៊ីបានប្រាប់យើងថាអំពើហិង្សាមិនមែនជាមធ្យោបាយដោះស្រាយបញ្ហាឡើយ ហើយការគេចវេសពីកិច្ចសន្ទនារវាងគ្នាឯង និងរត់ទៅពឹងបរទេសឱ្យជួយ ជួនកាលវាមានតែបំផ្លាញប្រយោជន៍ជាតិខ្លួនឯងតែប៉ុណ្ណោះ។
*១០ឆ្នាំនៃសង្រ្គាម ប្រជាជនស៊ីរីនៅតែរស់ក្នុងសុបិនអាក្រក់
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅក្នុងសប្ដាហ៍នេះបាននិយាយថា១០ឆ្នាំនៃសង្រ្គាមមកនេះ ប្រជាជនស៊ីរនៅតែបន្តរស់នៅក្នុង សុបិនអាក្រក់ ហើយប្រជាជនស៊ីរីដល់ទៅជាង៦០ភាគរយឯណោះប្រឈមមុខនឹងគ្រោះអត់ឃ្លាន និងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។ លោក Guterres ធ្វើការកត់សម្គាល់បែបនេះនាឱកាសខួបលើកទី១០ឆ្នាំនៃសង្រ្គាមស៊ីរី។
បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) មានមូលដ្ឋានក្នុងចក្រភពអង់គ្លេស គិតត្រឹមខែធ្នូ ឆ្នាំ២០២០ មនុស្ស ៣៨៧,១១៨នាក់ ក្នុងនោះមានជនស៊ីវិល ១១៦,៩១១នាក់បានស្លាប់។ ប៉ុន្តែ តួលេខនេះមិនបានរាប់បញ្ចូលមនុស្សចំនួន ២០៥,៣០០នាក់ផ្សេងទៀតដែលត្រូវបានគេជឿជាក់ថាបានបាត់ខ្លួន ឬស្លាប់ ដោយសារការធ្វើទារុណកម្មនោះទេ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់កុមារ ឬហៅកាត់ថា Unicef ក៏បានឱ្យដឹងដែរថាកុមារដល់ទៅជាង១២,០០០នាក់ ឯណោះត្រូវបានសម្លាប់ ឬរងរបួស ហើយការបំផ្លិចបំផ្លាញដោយសង្រ្គាម បូករួមទាំងការឆ្លងរាតត្បាត COVID-19 ផងនោះ វាបាននិងកំពុងធ្វើឱ្យការរស់នៅរបស់ ប្រជាជនស៊ីរីមានសភាពកាន់តែយ៉ាប់យឺន។
ម្យ៉ាងវិញទៀតដោយសារតែមានបរទេសលូកដៃច្រើន ទឹកដីស៊ីរីត្រូវពុះជ្រៀកជាបំណែកតូចៗ ដោយទឹកដីមួយភាគធំគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរី និងទឹកដី ដែលនៅសល់គឺកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធស៊ីរីគាំទ្រដោយតួកគី, ក្រុមឧទ្ទាមឃើដ, ក្រុម ISIS និងក្រុមឧទ្ទាមស៊ីរីដែលមានសហរដ្ឋអាមេរិក និងអឺរ៉ុបជាខ្នង បង្អែក។
*ប្រទេសណាខ្លះរងផលប៉ះពាល់ពីសង្រ្គាមស៊ីរី?
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បាននិយាយថាប្រជាជនស៊ីរី ៥.៦លាននាក់បានចុះឈ្មោះសុំសិទ្ធិជ្រកកោននៅឯបរទេស ក្នុងនោះមានទាំងនៅប្រទេស ជិតខាងរបស់ពួកគេដូចជា លីបង់, ហ្ស៊កដានី និងតួកគី ដែលទទួលឱ្យ៩៣ភាគរយនៃជនភៀសខ្លួនស៊ីរីស្នាក់នៅលើទឹកដីរបស់ពួកគេ។ ប្រទេសដទៃទៀត ជាពិសេសក្នុងតំបន់អឺរ៉ុបដូចជា អាល្លឺម៉ង់ បារាំង ហូឡង់ ក្រិក និងប៊ែលហ្សិកជាដើមក៏កំពុងដោះស្រាយវិបត្តិជនភៀសខ្លួនស៊ីរីដែរ។
*តើពេលណាទើបសង្គ្រាមបញ្ចប់?
សង្រ្គាមនៅស៊ីរីមិនត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះទេ។ សហគមន៍អន្តរជាតិបានឯកភាពគ្នាថាត្រូវតែមានដំណោះស្រាយនយោបាយ មួយសម្រាប់ស៊ីរី។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការអនុវត្តជាបន្ទាន់នូវសេចក្ដីថ្លែងការណ៍ទីក្រុងហ្សឺណែវឆ្នាំ២០១២ ដែលមាន គោលដៅបង្កើតរដ្ឋាភិបាលអន្តរកាលមួយសម្រាប់ស៊ីរី ឈរលើមូលដ្ឋានព្រមព្រៀងគ្នាទៅវិញទៅមក។ ក៏ប៉ុន្តែ កិច្ចចរចាទាំង៩ជុំកន្លងមកនេះក្រោមការសម្រប សម្រួលរបស់អង្គការសហប្រជាជាតិ នៅតែបរាជ័យដោយលោក បាស្សា អាល់ អាសាដ ហាក់មិនមានបំណងចង់ចរចាជាមួយក្រុមប្រឆាំងស៊ីរីនោះទេ ខណៈ កងកម្លាំងរដ្ឋាភិបាលរបស់់លោកកំពុងគ្រប់គ្រងទឹកដីមួយភាគធំ រីឯក្រុមប្រឆាំងនៅតែទទូចឱ្យលោកចុះចេញពីតំណែងជាផ្នែកមួយនៃការផ្សះផ្សានយោបាយ។
រុស្ស៊ី តួកគី និងអ៉ីរ៉ង់ក៏បានបើកកិច្ចប្រជុំជាច្រើនហូរហែរមកដែរ ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ស៊ីរី តែវានៅតែមិនបានសម្រេចដូចគ្នា។ លោក ហ្គែរ ភីឌឺសិន (Geir Pedersen) ជាបេសកជនពិសេសអង្គការសហប្រជាជាតិធ្លាប់បានកត់សម្គាល់ថា ដោយសារតែមានអន្តរាគមន៍យោធាបរទេស នៅក្នុងប្រទេសស៊ីរី សហគមន៍អន្តរជាតិមិនអាចសង្ឃឹមបានថាស៊ីរីអាចរកដំណោះស្រាយបញ្ចប់ជម្លោះដោយខ្លួនឯងនោះទេ៕
ប្រភព៖ BBC (ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១)