(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានជំរុញឱ្យមានការខិតខំប្រឹងប្រែងរួមគ្នានៅទូទាំងពិភពលោក ដើម្បីបញ្ចប់បញ្ហាជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។

លោក Guterres បានគូសបញ្ជាក់ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UNSC នៅក្នុងការជជែកវែកញែកតាមរយៈប្រព័ន្ធវីដេអូស្តីពីបញ្ហាជម្លោះ និងសន្តិសុខស្បៀងថា «ខ្ញុំសូមជំរុញឱ្យរដ្ឋទាំងអស់យកគោលដៅបញ្ចប់ជម្លោះទាំងស្រុង ដោយមិនមែនគ្រាន់តែកាត់បន្ថយផលប៉ះពាល់របស់វាប៉ុណ្ណោះទេ ធ្វើជាអាទិភាពចម្បងនៃគោលនយោបាយការបរទេសរបស់ខ្លួន។ ខ្ញុំសូមអំពាវនាវឱ្យសមាជិក UNSC ទាំងអស់ប្រើតួនាឯកសិទ្ធិរបស់ខ្លួនទ ដើម្បីបញ្ចប់អំពើហិង្សា ចរចាស្វែងរកសន្តិភាព និងការកាត់បន្ថយគ្រោះអត់ឃ្លាន និងទុក្ខវេទនាដែលធ្វើបាបប្រជាជនរាប់លាននាក់នៅជុំវិញពិភពលោក»។

ជុំវិញបញ្ហាគ្រោះទុរភិក្ស ដែលកំពុងតែរីករាលដាលយ៉ាងខ្លាំងឡើងនេះ លោក Guterres បានគូសបញ្ជាក់ប្រាប់បន្ថែមថា «យើងប្រឈមនឹងបញ្ហាជម្លោះជាច្រើន ដែលកំពុងជំរុញឱ្យយើងជួបប្រទះនឹងគ្រោះទុរភិក្សនៅជុំវិញពិភពលោក។ បញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាឆ្លងរាតត្បាតនៃវីរុសកូរ៉ូណា (COVID-19) កំពុងជាបន្ទុកកាន់តែធ្ងន់ធ្ងរថែមទៀត។ ដូច្នេះហើយ បើគ្មានសកម្មភាពភ្លាមៗនោះទេ មនុស្សរាប់លាននាក់នឹងឈានដល់ដំណាក់កាលនៃភាពអត់ឃ្លានធ្ងន់ធ្ងរ និងការស្លាប់ជាច្រើន។

គួរបញ្ជាក់ថា អគ្គលេខាធិការ UN លោក Antonio Guterres ក៏បានអំពាវនាវដល់សហគមន៍ពិភពលោកឱ្យផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ ដើម្បីធ្វើឱ្យពួកវាកាន់តែមានបរិយាប័ន្ន រឹងមាំ និងមាននិរន្តរភាពផងដែរ៕