(បរទេស)៖ បើទោះជាមានការប្រឆាំងជំទាស់ក៏ដោយ កោះតៃវ៉ាន់នៅតែសម្រេចចិត្តអនុម័តដដែល នូវវិធានការមួយចំនួនដែលនឹងបើកផ្លូវ សម្រាប់ការនាំចូលសាច់ជ្រូកអាមេរិក ដែលមានផ្ទុកថ្នាំម្យ៉ាងឈ្មោះ រ៉ាក់តូផាមីន (Ractopamine)។
Ractopamine គឺជាថ្នាំសម្រាប់ព្យាបាលជំងឺហឺត តែសព្វថ្ងៃវាត្រូវបានគេឆ្លៀតយកទៅប្រើប្រាស់ ជាថ្នាំជំនួយការលូតលាស់ និងបំប៉នសាច់ដុំរបស់សត្វ ដើម្បីឱ្យវាឆាប់ធំធាត់ឡើងគីឡូ។ ប៉ុន្តែថ្នាំប្រភេទនេះធ្វើឱ្យប៉ះពាល់ ដល់សុខភាពអ្នកទទួលទាន។ សាច់ជ្រូកមានផ្ទុក Ractopamine ត្រូវបានហាមឃាត់នៅក្នុងប្រទេស ច្រើនជាង ១៦០ ក្នុងនោះរួមមានសហភាពអឺរ៉ុប រុស្ស៊ី និងចិនជាដើម។
អភិបាលក្រុងជាច្រើនៅក្នុងកោះតៃវ៉ាន់ កំពុងស្វែងរកវិធីការពារអ្នកទទួលទាន ក្នុងនោះរួមមានទាំងការជម្រុញឱ្យអ្នកលក់បែងចែកឱ្យច្បាស់រវាងសាច់មានផ្ទុក និងមិនមានផ្ទុក Ractopamine, តម្រូវឱ្យអ្នកនាំចូលសាច់ធ្វើតេស្ដរក Ractopamine ដោយឈរលើមូលដ្ឋានប្រចាំត្រីមាស ឬជាកញ្ចប់ ហើយចុះផ្សាយលទ្ធផលតេស្ដ នៅលើគេហទំព័រ Food Tracer របស់រដ្ឋាភិបាល។ មិនតែប៉ុណ្ណោះ ពួកគេក៏បានតម្រូវផងដែរឱ្យភោជនីយដ្ឋាន ឬផ្សារទំនើបបង្ហាញជាសាធារណៈពីកន្លែង ឬប្រទេសដែលពួកគេនាំចូលសាច់ជ្រូក ឬក៏បញ្ជាក់ថា តើសាច់របស់ពួកគេមាន ឬមិនមានផ្ទុក Ractopamine។
កាលពីប៉ុន្មានឆ្នាំមុន ថ្នាំ Ractopamine ត្រូវបានក្រុមហ៊ុនផលិតសាច់ជ្រូកលំដាប់ពិភពលោកជាច្រើនដូចជា Smithfield, JBS និងក្រុមហ៊ុន Tyson បោះបង់ចោល ដោយពួកគេសម្រេចជ្រើសរើសយកការផលិតសាច់ជ្រូក មិនមានផ្ទុកថ្នាំប្រភេទនេះ ដើម្បីងាយស្រួលចូលទៅកាន់ទីផ្សារពិភពលោក។
ក្រៅតែពីការប្រុងប្រយ័ត្ន យើងក៏គួរបង្កើនចំណេះដឹងរបស់យើង លើផលិតផលសាច់ជ្រូក និងសាច់ដទៃដែលមានផ្ទុកថ្នាំ Ractopamine ផងដែរ។ តើជ្រូកនិងផលិតផលសាច់ជ្រូក ដែលមានផ្ទុកថ្នាំប្រភេទនេះ ដែលផលិតនៅតៃវ៉ាន់ អាចនឹងនាំចេញទៅលក់ទៅកាន់បណ្ដាប្រទេសអាស៊ាន ក្នុងតម្លៃទាបឬក៏យ៉ាងណា? កម្ពុជាចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្ន និងមិនត្រូវបណ្ដោយឱ្យផលិតផលមានផ្ទុកថ្នាំ Ractopamine នេះទៅដល់ដៃប្រជាជនរបស់ខ្លួនឡើយ៕