(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦២,៧៧៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៥៣១នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៩,៩២៥,៩០២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៤៣,៧២១នាក់ និងជាសះស្បើយឡើងសរុប ២០,៧៩៧,២៩៨នាក់។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចុះហត្ថលេខាលើកញ្ចប់ថវិកាសង្រ្គោះទំហំ ១.៩ទ្រីលានដុល្លារហើយ ដែលវាគឺជាកញ្ចប់ថវិកាសង្រ្គោះ ដែលមានទំហំធំបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក។ វាជាជ័យជម្នះធំធេងមួយជាលើកដំបូង សម្រាប់លោក បៃដិន ចាប់តាំងពីលោកបានឡើងកាន់អំណាចកាលពីខែមករាមក៕