(កង់បេរ៉ា)៖ ប្រទេសអូស្ត្រាលីបានប្រកាសនៅព្រឹកថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ នេះថា ខ្លួននៅតែបន្តប្រើប្រាស់វ៉ាក់សាំងអង់គ្លេស Astra Zeneca ដើម្បីចាក់ជូនប្រជាជនដដែល បើទោះបីជាប្រទេសអឺរ៉ុបមួយចំនួន បានប្រកាសផ្អាកការចាក់ដោយសំអាងថា ពួកគេបានរកឃើញបញ្ហាផ្នែកសុខភាពលើប្រជាជនមួយចំនួន ដែលបានចាក់វ៉ាក់សាំងនេះក៏ដោយ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅព្រឹកថ្ងៃនេះ។
ការបញ្ជាក់ជំហររបស់អូស្ត្រាលីខាងលើនេះ បានកើតមានឡើងក្រោយពី បណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀតដូចជា ដាណឺម៉ាក, ន័រវែស អ៉ីតាលី និង អ៉ីស្លង់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានប្រកាសព្រមៗគ្នា ពីការផ្អាកការប្រើប្រាស់ វ៉ាក់សាំង Astra Zeneca ក្នុងការប្រយុទ្ធប្រឆាំង COVID-19 ក្រោយពីពលរដ្ឋមួយចំនួនក្នុងប្រទេសទាំង ៤នេះ បានរាយការណ៍ពីបញ្ហាសុខភាព ក្នុងនោះគឺបញ្ហាកំណកឈាម (blood clots) ក្រោយពីពួកគេបានចាក់វ៉ាក់សាំងនេះរួច។
ដោយឡែកសម្រាប់ប្រទេសអូស្ត្រាលីវិញ និយ័តករឱសថរបស់ខ្លួនបានធ្វើការត្រួតពិនិត្យចំនួនករណីនេះ «យ៉ាងដិតដល់បំផុត» រួចទៅហើយ ដោយខ្លួនមិនបានរកឃើញ ភាពមិនប្រក្រតីណាមួយ កើតមានឡើងចំពោះប្រជាជន ក្រោយការចាក់វ៉ាក់សាំង Astra Zeneca រួចនោះឡើយ។ ហេតុដូច្នេះអូស្ត្រាលីបានសម្រេចចិត្ត បន្តយុទ្ធនាការចាក់វ៉ាក់សាំង ដោយប្រើប្រាស់វ៉ាក់សាំង Astra Zeneca របស់អង់គ្លេសនេះដដែល។
ប្រទេសអូស្ត្រាលីបានធានាស្វែងរកវ៉ាក់សាំង មករក្សាទុកឲ្យបានក្នុងចំនួន ៥៤លានដូស ក្នុងនោះ ៥០លានដូសនឹងត្រូវផលិតនៅក្នុងស្រុក។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្តុត ម៉ូរីសុន (Scott Morrison) បានអះអាងថា យុវវ័យរបស់ខ្លួនទាំងអស់នឹងទទួលបានការចាក់វ៉ាក់សាំង នៅត្រឹមខែតុលា ឆ្នាំ២០២១នេះ។ គិតត្រឹមពេលនេះ ប្រជាជនអូស្ត្រាលីសរុប ១៥០,០០០នាក់ហើយ ត្រូវបានចាក់វ៉ាក់សាំងប្រឆាំង COVID-19។
ដោយឡែកប្រទេសថៃបានសម្រេចធ្វើដូចប្រទេសអ៉ីតាលី ដាណឺម៉ាក និងប្រទេសអឺរ៉ុបមួយចំនួនទៀត ដោយផ្អាកជាបណ្តោះអាសន្ននូវការប្រើប្រាស់ វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca បន្ទាប់ពីប្រទេសអឺរ៉ុបទាំងនេះបានរាយការណ៍ អំពីបញ្ហាមួយចំនួនលើផ្នែកសុខភាពរបស់ប្រជាជន ដែលបានទទួលការចាកវ៉ាក់សាំងនេះ។ នេះបើតាមប្រភពពីសារព័ត៌មាន Bloomberg នាព្រឹកថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។
ក្រុមហ៊ុន Astra Zeneca និង អាជ្ញាធរឱសថអឺរ៉ុប បានចេញមុខធានាអះអាងពីគុណភាព និងសុវត្ថិភាពរបស់វ៉ាក់សាំង Astra Zeneca។ ទីភ្នាក់ងារឱកាសអឺរ៉ុប បានឲ្យដឹងថា គិតរហូតដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ គេរកឃើញថានៅក្នុងចំណោមអ្នកដែលបានទទួលវ៉ាក់សាំង Astra Zeneca ជាង៣លាននាក់ នៅក្នុងទឹកដីងអឺរ៉ុប មានតែមនុស្ស២២នាក់ប៉ុណ្ណោះដែលមានបញ្ហាដំកំណកឈាមក្នុងសរសៃឈាម៕