(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់នៃកញ្ចប់ថវិកាសង្រ្គោះទំហំ ១.៩ទ្រីលានដុល្លារ ដើម្បីឱ្យវាក្លាយទៅជាច្បាប់ជាផ្លួវការ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។
ក្រោយការចុះហត្ថលេខា លោក បៃដិន គ្រោងនឹងថ្លែងសុន្ទករថាមួយតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃសុក្រនេះ ដើម្បីប្រកាសពីការបង្កើនល្បឿនចាក់វ៉ាក់សាំង សំដៅធ្វើឱ្យសហរដ្ឋអាមេរិក ត្រឡប់ទៅស្ថានភាពប្រក្រតីឡើងវិញនៅត្រឹមថ្ងៃទី០៤ ខែកក្កដា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិអាមេរិក។
គួរបញ្ជាក់ថា កញ្ចប់ថវិកាសង្រ្គោះទំហំ ១.៩ទ្រីលានដុល្លារ ដែលត្រូវបានសភាទាំង២របស់សហរដ្ឋអាមេរិកអនុម័តរួចដែរនោះ គឺជាកញ្ចប់ថវិកាសង្រ្គោះ ដែលមានទំហំធំបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ហើយវាក៏ជាជ័យជម្នះធំធេងមួយជាលើកដំបូងសម្រាប់លោក បៃដិន ចាប់តាំងពីលោកបានឡើងកាន់អំណាច កាលពីខែមករាមកផងដែរ។
ក្នុងកញ្ចប់ថវិកាសង្រ្គោះដ៏ធំខាងលើ ក្នុងនោះរួមមាន ៤០០ពាន់លានដុល្លារ សម្រាប់ការផ្តល់ជាប្រាក់ឧបត្ថម្ភដោយផ្ទាល់ចំនួន ១,៤០០ដុល្លារ សម្រាប់ពលរដ្ឋអាមេរិកភាគច្រើន និង ៣៥០ពាន់លានដុល្លារទៀតជាជំនួយដល់រដ្ឋ និងរដ្ឋាភិបាល រួមទាំងផ្ដោតសំខាន់ ទៅលើការគំាទ្រសកម្មភាពចែកចាយវ៉ាក់សាំងផងដែរ៕