(រ៉ាក់ឃីន)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនានេះថា របបយោធារបស់ប្រទេសមីយ៉ាន់ម៉ាបានសម្រេចដកក្រុមឧទ្ទាមប្រដាប់អាវុធ ឬហៅថាកងទ័ពអារ៉ាខាន់(Arakan Army)ចេញពីបញ្ជីក្រុមភេរវករ ក្រោមហេតុផលថាចលនាទាមទាស្វ័យយភាពទឹកដីរដ្ឋរ៉ាក់ឃីនមួយនេះ បានបញ្ឈប់ការវាយប្រហាររបស់ខ្លួន ហើយដើម្បីជួយបង្កើតសន្តិភាពនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។
ចំណាត់ការនេះធ្វើឡើង ចំពេលដែលរបបយោធាកំពុងព្យាយាមទប់ទល់នឹងការធ្វើបាតុកម្មជាប្រចាំថ្ងៃប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈរបស់ខ្លួន ដែលមេដឹកនាំជាប់ឆ្នោតលោកស្រី អោង សានស៊ូជី ត្រូវបានផ្ដួលចេញអំណាច។
អ្នកនាំពាក្យនៃក្រុមឧទ្ទាមអារ៉ាខាន់ លោក Khaine Thu Kha បាននិយាយថា សេចក្តីសម្រេចនេះជារឿងវិជ្ជមានសម្រាប់រដ្ឋរ៉ាក់ឃីន។ ថ្បិតថារដ្ឋមួយនេះបានទទួលរងនូវអំពើហឹង្សានិងការធ្លាក់ចុះនៃសេដ្ឋកិច្ចជាច្រើនឆ្នាំមកហើយ។
លោក Khaine Thu Kha បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «ការប្រកាសនេះប្រហែលជាមិនអាចដោះស្រាយបញ្ហាទាំងអស់របស់ប្រទេសជាតិបានទេ ប៉ុន្តែវានឹងក្លាយជាការចាប់ផ្តើមនៃការដោះស្រាយបញ្ហានៅក្នុងរដ្ឋរ៉ាឃីន»។
គួរបញ្ជាក់ថា អារ៉ាខាន់គឺជាកម្លាំងឧទ្ទាមប្រដាប់អាវុធទាមទារផ្តាច់ទឹកដី កាន់ព្រះពុទ្ធសាសនានៅរដ្ឋរ៉ាក់ឃីន។ ចលនាឧទ្ទាមនេះបានចាប់កំណើតក្នុងឆ្នាំ២០០៩ មានចរនាសម្ព័នត្រឹមត្រូវនិងមានកម្លាំងយុទ្ធជនរាប់ពាន់នាក់បំពាក់ដោយអាវុធ រួមទាំងទទួលបានការហ្វឹកហ្វឺនច្បាស់លាស់។ ក្រុមដដែលនេះ តែងតែប៉ះទង្គិចជាមួយយោធាមីយ៉ាន់ម៉ាជារឿយៗ ខណៈរដ្ឋាភិបាលមីយ៉ាន់ម៉ារបស់លោកស្រីអោង សានស៊ូជី បានកំណត់ថាជាក្រុមភេរវកម្ម៕