(សេអ៊ូល)៖ ទាហានអាមេរិកចំនួន០៨នាក់បន្ថែមទៀត និងជនស៊ីវិលម្នាក់នៅប្រទេសកូរ៉េខាងត្បូង ត្រូវបានគេធ្វើតេស្តរកឃើញវិជ្ជមានចំពោះជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។
តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន កងកម្លាំងយោធាអាមេរិកប្រចាំមូលដ្ឋានទ័ពនៅកូរ៉េខាងត្បូង ដែលហៅកាត់ថា USFK បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សមាជិកសេវាកម្មនៃ USFK ចំនួន០៩នាក់ ត្រូវបានគេបញ្ជាក់ថាឆ្លងជំងឺ COVID-19 បន្ទាប់ពីពួកគេបានមកដល់កូរ៉េខាងត្បូង នៅចន្លោះថ្ងៃទី២២ កុម្ភៈ និង០៨ខែមីនាកន្លងទៅនេះ»។
យោធាអាមេរិកចំនួន០៤នាក់ បានមកដល់មូលដ្ឋានទ័ពអាកាសអូសាន (Osan Air Base) នៅចន្លោះថ្ងៃទី២២កុម្ភៈ និង០៨មីនា តាមជើងហោះហើរដែលត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលអាមេរិក។ ចំណែក យោធាអាមេរិកចំនួន០៤នាក់ទៀត និងជនស៊ីវិលម្នាក់បានមកដល់អាកាសយានដ្ឋានអន្តរជាតិ អ៉ីនឈ័ន (Incheon) នៅចន្លោះថ្ងៃទី២៣កុម្ភៈ និង០៤-០៥មីនា តាមជើងហោះហើរពាណិជ្ជកម្ម។
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ រហូតមកទល់ពេលនេះ តួលេខសរុបនៃទាហានអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានឆ្លង COVID-19 កើនដល់ ៧៨៣នាក់ហើយ។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះកូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ៤៦៥ករណីបន្ថែមទៀត ដែលនាំករណីឆ្លងសរុបកើនដល់ ៩៤,១៩៨នាក់ ក្នុងនោះ ១,៦៥២នាក់បានស្លាប់ និង៨៤,៦៧៥នាក់បានជាសះស្បើយឡើងវិញ៕