Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកការទូតកំពូលចិន និងអាមេរិក នឹងជួបពិភាក្សាគ្នាកម្រិតខ្ពស់នៅរដ្ឋ Alaska សហរដ្ឋអាមេរិក ​​​​(Video inside)

11-03-2021 16:54

(ប៉េកាំង)៖ ក្រុមអ្នកការទូតជាន់ខ្ពស់របស់ចិន នឹងចូលក្នុងកិច្ចពិភាក្សាជាយុទ្ធសាស្ត្រ ជាមួយសមភាគីអាមេរិក នៅក្នុងទីក្រុង អាន់ឆរ៉េច (Anchorage) នៃរដ្ឋអាឡាស្កា (Alaska) សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដោយវានឹងក្លាយជាលើកដំបូងហើយ សម្រាប់រដ្ឋបាលលោក ចូ បៃដិន គិតចាប់តាំងពីរការស្បថចូលកាន់តំណែង កាលពីថ្ងៃទី២០ ខែមករា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។

លោក យ៉់ាង ជីឈី (Yang Jiechi) សមាជិកនៃការិយាល័យនយោបាយ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងលោក វ៉ាង ប្រធានក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នឹងត្រូវជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងខិន និងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចេក ស៊ូលលីវែន (Jake Sullivan) ក្នុងទីក្រុង Anchorage។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian) តួនាទីរបស់ចិននៅក្នុងទំនាក់ទំនងរវាងចិន-អាមេរិក គឺមានភាពច្បាស់លាស់។ ចិនជំរុញឲ្យសហរដ្ឋអាមេរិក មើលឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រកបដោយគោលដៅ និងមធ្យោបាយសមហេតុផល និងបោះបង់ចោលគំនិតបែបសង្គ្រាមត្រជាក់។

បន្ថែមពីខាងលើនេះ ប្រទេសចិនក៏អំពាវនាវឲ្យអាមេរិក គោរពអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍន៍របស់ចិន ហើយឈប់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដើម្បីងាកទៅផ្តោតលើកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងលើភាពខុសគ្នា ស្របតាមស្មារតីនៃការសន្ទនា រវាងប្រមុខដឹកនាំនៃប្រទេសទាំងពីរ និងធ្វើឲ្យទំនាក់ទំនងចិន-អាមេរិក ត្រឡប់មកដើរនៅលើផ្លូវត្រូវវិញ៕