(ហ្សាការតា)៖ រថយន្ដក្រុងដឹកសិស្សសាលាមួយគ្រឿង បានជ្រុលចង្កូតធ្លាក់ជ្រោះមួយស្ថិតនៅក្នុងកោះជ្វា នៃប្រទេសឥណ្ឌូណេស៊ីកាលពីល្ងាចថ្ងៃពុធ ដោយបានបណ្ដាលឱ្យមនុស្សយ៉ាងហោច ២៧នាក់ស្លាប់ និង ៣៩នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។
បើតាមមន្ត្រីប៉ូលិសឥណ្ឌូណេស៊ី រថយន្ដក្រុងខាងលើដែលដឹកសិស្សសាលាមួយក្រុម, គ្រូបង្រៀន និងគ្រួសាររបស់ពួកគេ បានចាកចេញពីស្រុក តាស៊ីកម៉ាឡាយ៉ា (Tasikmalaya) ឆ្ពោះទៅកាន់ទីក្រុង ស៊ូបាង (Subang) នៃខេត្តជ្វាខាងលិច ( West Java) ហើយក៏បានជួបគ្រោះថ្នាក់តែម្តង។ ប៉ូលិសបានឱ្យដឹងទៀតថា រថយន្តក្រុងបានធ្លាក់ចូលជ្រោះមានជម្រៅប្រហែល ២០ម៉ែត្រ ក្រោយអ្នកបើករថយន្ដក្រុងនេះបាត់បង់ការគ្រប់គ្រង។
គួរបញ្ជាក់ថា បច្ចុប្បន្នប៉ូលិសកំពុងបើកការស៊ើបអង្កេត លើករណីខាងលើ។ ប៉ុន្តែបើតាមអ្នកនៅមានជីវិតបានអះអាងថា រថយន្ដក្រុងរបស់ពួកគេបានធ្លាក់ចូលជ្រោះ ដោយសារហ្រ្វាំងរថយន្ដមានបញ្ហា៕