(បាងកក)៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា ប្រទេសថៃកំពុងពិចារណាលើការ ពង្រីកទំហំពន្ធនាគាររបស់ខ្លួន ព្រោះមួយរយៈចុងក្រោយនេះ អាជ្ញាធរបានចាប់បានខ្លួនអ្នកទោសនយោបាយ ជាច្រើននាក់បន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក សុមសាក់ ថេបស៊ូធីន (Somsak Thepsuthin) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ពន្ធនាគារបាងកក (Bangkok Remand) និង ក្លងព្រេម (Klong Prem Central) ជាកន្លែងសម្រាប់ឃុំឃាំងអ្នកទោសនយោបាយ ហើយកាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍ថា ក្នុងពន្ធនាគារទាំងពីរនេះមានការកកស្ទះយ៉ាងខ្លាំង នៅពេលដែលក្រុមគ្រួសាររបស់ពួកគេ មកសួរសុខទុក្ខម្ដងៗ។
លោក Somsak បានគូសបញ្ជាក់ប្រាប់បន្ថែមថា «ហេតុដូច្នេះហើយ យើងកំពុងពិភាក្សាស្វែងរកទីកន្លែងធំជាងនេះ ដែលអាចផ្ទុកមនុស្សបានកាន់តែច្រើន ដើម្បីមានភាពងាយស្រួលសម្រាប់អ្នករាល់គ្នា»។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរថៃ បច្ចុប្បន្ននេះពន្ធនាគារបាងកក (Bangkok Remand) មានអ្នកទោសសរុបចំនួន ៣,១៩៥នាក់។ រីឯពន្ធនាគារក្លងព្រេម (Klong Prem Central) មានអ្នកទោសសរុបចំនួន ៧,០០៩នាក់៕