(ហ្សឺណែវ)៖ សហព័ន្ធគិលានុបដ្ឋាកពិភពលោក នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា យ៉ាងហោច៣,០០០នាក់បានស្លាប់ ដោយសារជំងឺ COVID-19 ដែលនេះអាចនឹងបង្ខំឱ្យក្រុមបុគ្គលិកសុខាភិបាលកាន់តែច្រើនឡើងលាឈប់ពីការងារ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។

ក្នុងរយៈពេលមួយឆ្នាំពេញចាប់តាំងពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសចាត់ទុក COVID-19 ជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវមក ក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិ (ICN) បាននិយាយថាភាពតានតឹងនៃជំងឺនេះបានបង្ខំឱ្យគិលានុបដ្ឋាក-គិលានុបដ្ឋាយិការាប់លាននាក់ពិចារណាលាឈប់ ពីអាជីពការងារមួយនេះ។ បើតាមសហព័ន្ធគិលានុបដ្ឋាកពិភពលោក ចំនួនគិលានុបដ្ឋាក-គិលានុបដ្ឋាយិកាដែលបានស្លាប់ដោយសារជំងឺនេះ ត្រូវបានចងក្រងចេញពីប្រទេសចំនួន៦០។

ជុំវិញបញ្ហានេះ នាយកប្រតិបត្តិរបស់ ICN លោក Howard Catton បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា៖ «ក្រុមគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា បានឆ្លងកាត់ «ភាពតក់ស្លុតយ៉ាងខ្លាំង» ក្នុងកំឡុងពេលមានជំងឺឆ្លងរាតត្បាតនេះ ដែលកំពុងរុញច្រានពួកគេឱ្យមានភាពនឿយហត់ និងអស់ទាំងកម្លាំងកាយ និងចិត្ត។ ពួកគេបានឈានដល់ចំណុចមួយដែលពួកគេបានផ្តល់នូវអ្វីគ្រប់យ៉ាងតាមដែលពួកគេអាចធ្វើទៅបានហើយ»

លោក Catton បានបន្ថែមថា កម្លាំងពលកម្មពិភពលោកចំនួន២៧លាននាក់ជាគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា ក្នុងនោះរួមមាន ៦លាននាក់ កំពុងចូលរួមព្យាយាមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតនេះរយៈពេលខ្លី ខណៈ៤លាននាក់ទៀត កំពុងធ្វើដំណើរចូលនិវត្តន៍នៅឆ្នាំ២០៣០ ខាងមុខនេះហើយ។

គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍ ICN ជំងឺឆ្លងរាតត្បាត «បានបង្ខំឱ្យគិលានុបដ្ឋាយិការាប់លាននាក់លាឈប់ចេញពីអាជីពការងារ» មួយនេះចាប់ពីតាំងដើម ឆមាសទី២ នៃឆ្នាំ២០២១មកម្លេះ។ បច្ចុប្បន្ននេះ ការខ្វះខាតគិលានុបដ្ឋាក-គិលានុបដ្ឋាយិកានៅទូទាំងពិភពលោក អាចកើនដល់ជិត១៣លាននាក់ឯណោះ៕