(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦០,៣៥៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៦១០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៩,៨២១,១២៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៤២,១៩១នាក់ និងជាសះស្បើយឡើងសរុប ២០,៦៤០,២៧០នាក់។

គួរបញ្ជាក់ថា សមាជិកសភាតំណាងរាស្ត្រអាមេរិក បានអនុម័តកញ្ចប់ថវិកាសង្រ្គោះទំហំ ១.៩ទ្រីលានដុល្លាររបស់លោក ចូ បៃដិន ហើយវាគឺជាកញ្ចប់ថវិកាសង្រ្គោះដែលមានទំហំធំបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក។ វាជាជ័យជម្នះធំធេងមួយជាលើកដំបូង សម្រាប់លោក បៃដិន ចាប់តាំងពីលោកបានឡើងកាន់អំណាច កាលពីខែមករាមក។ សេតវិមានបានបញ្ជាក់ថា លោក បៃដិន គ្រោងនឹងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ថវិកានេះ ដើម្បីឱ្យវាក្លាយទៅជាច្បាប់ដាក់ឲ្យអនុវត្ត នៅថ្ងៃសុក្រសប្ដាហ៍នេះ៕