(វ៉ាស៊ីនតោន)៖ សមាជិកសភាតំណាងរាស្ត្រអាមេរិក បានអនុម័តកញ្ចប់ថវិកាសង្រ្គោះទំហំ ១.៩ទ្រីលានដុល្លាររបស់លោក ចូ បៃដិន ហើយ ដែលនេះគឺជាជ័យជម្នះដ៏ធំលើកដំបូងបំផុតរបស់លោក ចាប់ពីឡើងកាន់តំណែងជាប្រធានាធិបតី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។
សមាជិកសភាតំណាងរាស្ត្រអាមេរិក បានអនុម័តកញ្ចប់ថវិកាសង្រ្គោះរបស់លោក ចូ បៃដិន ក្នុងសំឡេងគាំទ្រ ២២០ ទល់នឹង ២១១ សំឡេងជំទាស់។ ការអនុម័ត នៅថ្ងៃពុធសប្ដាហ៍នេះទៀតសោត បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រឹទ្ធសភាអាមេរិកបានអនុម័តកញ្ចប់ថវិកាសង្រ្គោះនេះ ក្នុងសំឡេងគាំទ្រ ៥០ ទល់នឹង ៤៩សំឡេងជំទាស់។
វាគឺជាកញ្ចប់ថវិកាសង្រ្គោះដែលមានទំហំធំបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ហើយវាជាជ័យជម្នះធំធេងមួយជាលើកដំបូង សម្រាប់លោក បៃដិន ចាប់តាំងពីលោកបានឡើងកាន់អំណាច កាលពីខែមករាមក។ សេតវិមានបានបញ្ជាក់ថា លោក បៃដិន គ្រោងនឹងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ថវិកានេះ ដើម្បីឱ្យវាក្លាយទៅជាច្បាប់ដាក់ឲ្យអនុវត្ត នៅថ្ងៃសុក្រសប្ដាហ៍នេះ។
គួរបញ្ជាក់ថា ក្នុងកញ្ចប់ថវិកាសង្រ្គោះដ៏ធំខាងលើ ក្នុងនោះរួមមាន ៤០០ពាន់លានដុល្លារ សម្រាប់ការផ្តល់ជាប្រាក់ឧបត្ថម្ភដោយផ្ទាល់ចំនួន ១,៤០០ដុល្លារ សម្រាប់ពលរដ្ឋអាមេរិកភាគច្រើន និង ៣៥០ពាន់លានដុល្លារទៀតជាជំនួយដល់រដ្ឋ និងរដ្ឋាភិបាល រួមទាំងផ្ដោតសំខាន់ ទៅលើការគំាទ្រសកម្មភាពចែកចាយវ៉ាក់សាំងផងដែរ៕